ប្រទេសអារ៉ាប៊ីសាអូឌីតប្រកាសគម្រោងអភិវឌ្ឍន៍ទីក្រុងឆ្នេរសមុទ្រ នៅក្នុងគម្រោងទីក្រុងឆ្លាតវៃNeom

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ Neom ដ៏ធំរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញផែនការសាងសង់ទីក្រុង Norlana ដែលព័ទ្ធជុំវិញកំពង់ផែជាលក្ខណៈកំសាន្តតូចមួយ នៅលើឈូងសមុទ្រ Aqaba ដែលរចនាឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ 10 Design។

ដោយគ្រោងសាងសង់ឡើង សម្រាប់ប្រជាជនរស់នៅចំនួន៣.០០០នាក់ ទីក្រុងនេះនឹងត្រូវបានសាងសង់ នៅលើឈូងសមុទ្រ Aqaba ស្ថិតនៅភាគពាយព្យ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកមួយនៃគម្រោងទីក្រុងខ្នាតយក្ស Neom ។

ទីក្រុងឆ្នេរសមុទ្រ Norlana នឹងត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ទូឌីយោស្ថាបត្យកម្ម 10 Design ដោយផ្តោតលើកីឡា។

បូករួមជាមួយនឹងកំពង់ផែកំសាន្ត នៅលើឈូងសមុទ្រ Aqaba ការអភិវឌ្ឍន៍ទីក្រុងនេះ នឹងរួមបញ្ចូលទាំងទីលានវាយកូនហ្គោល  ក្លឹបជិះសេះ និងក្លឹបវាយកូនបាល់Tennisផងដែរ។

ជាពិសេស អាផាតម៉ិនចំនួន៧០០យូនីត និងសណ្ឋាគារចំនួន២ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង Norlana នឹងត្រូវបានសាងសង់ឡើងនៅជុំវិញកំពងផែកំសាន្ត។

​ទីក្រុង Norlana គឺជាតំបន់ទី៩ ដែលត្រូវបានប្រកាសថា ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ដ៏ធំ និងបានចូលរួមជាមួយគោលដៅទេសចរណ៍ចំនួន៤ផ្សេងទៀត ដែលគ្រោងនឹងសាងសង់នៅឈូងសមុទ្រ Aqaba ក្នុងនាមជាផ្នែកមួយនៃគម្រោង Neom។

ជាមួយគ្នានេះ នៅក្នុងគម្រោងទីក្រុងNeom ក៏មានការបង្កើតមជ្ឈមណ្ឌល Utamo ដែលជារោងមហោស្រពនៃអនាគត ការបង្កើតតំបន់ Leyja ដែលជាបណ្តុំនៃសណ្ឋាគារប្រណិតចំនួន៣ រមណីយដ្ឋាន Epicon និងសណ្ឋាគារដែលធ្វើឡើងពីសសរ៦ជ្រុង ឈ្មោះថា Siranna ។

គម្រោងទាំងនេះគឺជាផ្នែកមួយ នៃគម្រោងទីក្រុងខ្នាតយក្ស Neom ដែលជាផែនការអភិវឌ្ឍន៍ដ៏ធំ និងដ៏ចម្រូងចម្រាសបំផុតមួយរបស់ពិភពលោក ហើយប្រទេសអារ៉ាប៊ីសាអូឌីត ថែមទាំងមានផែនការសាងសង់ ទីក្រុងប្រវែង១៧០គីឡូម៉ែត្រ ដែលមានឈ្មោះថា The Lineផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here