ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ Neom ដ៏ធំរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញផែនការសាងសង់ទីក្រុង Norlana ដែលព័ទ្ធជុំវិញកំពង់ផែជាលក្ខណៈកំសាន្តតូចមួយ នៅលើឈូងសមុទ្រ Aqaba ដែលរចនាឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ 10 Design។
ដោយគ្រោងសាងសង់ឡើង សម្រាប់ប្រជាជនរស់នៅចំនួន៣.០០០នាក់ ទីក្រុងនេះនឹងត្រូវបានសាងសង់ នៅលើឈូងសមុទ្រ Aqaba ស្ថិតនៅភាគពាយព្យ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកមួយនៃគម្រោងទីក្រុងខ្នាតយក្ស Neom ។
ទីក្រុងឆ្នេរសមុទ្រ Norlana នឹងត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ទូឌីយោស្ថាបត្យកម្ម 10 Design ដោយផ្តោតលើកីឡា។
បូករួមជាមួយនឹងកំពង់ផែកំសាន្ត នៅលើឈូងសមុទ្រ Aqaba ការអភិវឌ្ឍន៍ទីក្រុងនេះ នឹងរួមបញ្ចូលទាំងទីលានវាយកូនហ្គោល ក្លឹបជិះសេះ និងក្លឹបវាយកូនបាល់Tennisផងដែរ។
ជាពិសេស អាផាតម៉ិនចំនួន៧០០យូនីត និងសណ្ឋាគារចំនួន២ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង Norlana នឹងត្រូវបានសាងសង់ឡើងនៅជុំវិញកំពងផែកំសាន្ត។
ទីក្រុង Norlana គឺជាតំបន់ទី៩ ដែលត្រូវបានប្រកាសថា ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ដ៏ធំ និងបានចូលរួមជាមួយគោលដៅទេសចរណ៍ចំនួន៤ផ្សេងទៀត ដែលគ្រោងនឹងសាងសង់នៅឈូងសមុទ្រ Aqaba ក្នុងនាមជាផ្នែកមួយនៃគម្រោង Neom។
ជាមួយគ្នានេះ នៅក្នុងគម្រោងទីក្រុងNeom ក៏មានការបង្កើតមជ្ឈមណ្ឌល Utamo ដែលជារោងមហោស្រពនៃអនាគត ការបង្កើតតំបន់ Leyja ដែលជាបណ្តុំនៃសណ្ឋាគារប្រណិតចំនួន៣ រមណីយដ្ឋាន Epicon និងសណ្ឋាគារដែលធ្វើឡើងពីសសរ៦ជ្រុង ឈ្មោះថា Siranna ។
គម្រោងទាំងនេះគឺជាផ្នែកមួយ នៃគម្រោងទីក្រុងខ្នាតយក្ស Neom ដែលជាផែនការអភិវឌ្ឍន៍ដ៏ធំ និងដ៏ចម្រូងចម្រាសបំផុតមួយរបស់ពិភពលោក ហើយប្រទេសអារ៉ាប៊ីសាអូឌីត ថែមទាំងមានផែនការសាងសង់ ទីក្រុងប្រវែង១៧០គីឡូម៉ែត្រ ដែលមានឈ្មោះថា The Lineផងដែរ៕