ដោយៈ ស៊ីវ ម៉េង
ព្រះសីហនុៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយថ្មី ដើម្បីដោះស្រាយបញ្ហាអាគារជាប់គាំង នៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ មករាខាងមុខនេះ។
សម្តេចធិបតីហ៊ុន ម៉ាណែតបានថ្លែងឲ្យដឹងក្នុងពិធីសម្ភោធស្ពានកោះយ៉ នៅខេត្តកោះកុងកាលពីថ្ងៃទី៨ មករាថា កម្មវិធីគោលនយោបាយថ្មីនេះ គឺផ្តោតសំខាន់លើការជម្រុញសកម្មភាពធុរកិច្ច និងពាណិជ្ជកម្មនៅក្រុងព្រះសីហនុ ឲ្យមានភាពរសរវើកឡើងវិញ។
សម្តេចបន្តថា “ឆ្នាំ២០២៤ជាឆ្នាំ សម្រាប់ជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ពិសេសការដោះស្រាយបញ្ហា អាគារជាប់គាំងនៅក្នុងទីក្រុងនេះ”។
រដ្ឋាភិបាលដាក់ចេញនូវគោលការណ៍ចំនួន២ ទាក់ទងអាគារជាប់គាំងនៅក្រុងព្រះសីហនុ ដែលគោលការណ៍ទី១ គឺជម្រុញការសាងសង់អាគារដែលមិនទាន់ចប់ នឹងសាងសង់បញ្ចប់ និងទី២ អាគារសាងសង់ចប់រួចអាចនឹងធ្វើឲ្យមានសកម្មភាពវិនិយោគ ឬធុរកិច្ច។






