ដោយៈ ស៊ីវ ម៉េង
ព្រះសីហនុៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយថ្មី ដើម្បីដោះស្រាយបញ្ហាអាគារជាប់គាំង នៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ មករាខាងមុខនេះ។
សម្តេចធិបតីហ៊ុន ម៉ាណែតបានថ្លែងឲ្យដឹងក្នុងពិធីសម្ភោធស្ពានកោះយ៉ នៅខេត្តកោះកុងកាលពីថ្ងៃទី៨ មករាថា កម្មវិធីគោលនយោបាយថ្មីនេះ គឺផ្តោតសំខាន់លើការជម្រុញសកម្មភាពធុរកិច្ច និងពាណិជ្ជកម្មនៅក្រុងព្រះសីហនុ ឲ្យមានភាពរសរវើកឡើងវិញ។
សម្តេចបន្តថា “ឆ្នាំ២០២៤ជាឆ្នាំ សម្រាប់ជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ពិសេសការដោះស្រាយបញ្ហា អាគារជាប់គាំងនៅក្នុងទីក្រុងនេះ”។
រដ្ឋាភិបាលដាក់ចេញនូវគោលការណ៍ចំនួន២ ទាក់ទងអាគារជាប់គាំងនៅក្រុងព្រះសីហនុ ដែលគោលការណ៍ទី១ គឺជម្រុញការសាងសង់អាគារដែលមិនទាន់ចប់ នឹងសាងសង់បញ្ចប់ និងទី២ អាគារសាងសង់ចប់រួចអាចនឹងធ្វើឲ្យមានសកម្មភាពវិនិយោគ ឬធុរកិច្ច។
នៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ មានអាគារ៣៦៤អាគារបានផ្អាកការសាងសង់ អាគារចំនួន១៧៧សាងសង់រួចតែមិនដំណើរការ អាគារ៥៣កន្លែងកំពុងដំណើរការសាងសង់ និងអគារចំនួន៤៧៥កន្លែងបានសាងសង់រួច និងកំពុងដំណើរការ។
នៅចន្លោះឆ្នាំ២០១៦ ដល់២០១៩ ខេត្តព្រះសីហនុបានទាក់ទាញលំហូរទុនវិនិយោគពីបរទេស ប្រមាណ៨០០០លានដុល្លារអាមេរិក ដែលភាគច្រើនជាគំរោងវិនិយោគរបស់ចិន។
រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំផែនការមេ ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ជាទីក្រុងពហុបំណង ខណៈទីក្រុងនេះបាននិងកំពុងទាក់ទាញ ភ្ញៀវទេសចរណ៍ក្នុងស្រុកកាន់តែច្រើន ជាក់ស្តែងកាលពីរាត្រីឆ្លងឆ្នាំសកលកន្លងមកថ្មីៗនេះ ខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាង៤០ម៉ឺននាក់៕






