ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ធនាគារពិភពលោកបានចេញរបាយការណ៍ស្រាវជ្រាវមួយពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ របាយការណ៍នេះបានវិភាគ និងផ្តល់អនុសាសន៍មួយចំនួន ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ។
ខណៈដែលសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តធ្លាក់ចុះ ធនា គារពិភពលោកបានព្យាករថា សេដ្ឋកិច្ចឆ្នាំនេះ នឹងមានកំណើនក្នុងកម្រិត៥,៤ភាគរយ ដែលខ្ពស់ជាងគេក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយនេះ ប៉ុន្តែក៏នៅតែទាបជាងច្រើននៅឡើយ បើប្រៀបទៅនឹងកំណើនប្រចាំឆ្នាំជាមធ្យម៧,២ភាគរយ ដែលកម្ពុជាសម្រេចបានក្នុងមួយទសវត្សរ៍មុនការរាតត្បាតនៃជំងឺកូវីដ-១៩។ការធ្លាក់ចុះនេះ មួយផ្នែកធំគឺទាក់ទង ជាមួយបរិយាកាសសកលដែលកំពុងជួបការលំបាកច្រើន។ ដោយសារការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ បំណុលខ្ពស់ និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងទុកថា នឹងបន្តថយសន្ទុះនៅឆ្នាំក្រោយ ដែលជារយៈពេលបីឆ្នាំជាប់ៗគ្នា។
ស្ថានភាពដែលកំណើនសេដ្ឋកិច្ច មានសន្ទុះខ្សោយជាងមុន បានញ៉ាំងឱ្យមានការគិតគូរឡើងវិញជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សម្រាប់រក្សាកំណើនប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រដែលនៅសេសសល់ និងឈានទៅសម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
គន្លឹះសំខាន់អាទិភាព ជារបៀបវារៈនៃកំណែទម្រង់ដែលត្រូវអនុវត្តមានដូចជា
ទី១ ការកែលម្អបន្ថែមទៀតលើបរិយាកាសធុរកិច្ច មានសារៈសំខាន់ណាស់ សម្រាប់ជំរុញផលិតភាព និងការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំណាយថ្លៃដើម ក្នុងការធ្វើអាជីវកម្មនៅកម្ពុជានៅតែមានកម្រិតខ្ពស់ ដែលជាឧបសគ្គ ដល់សមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ និងរារាំងដល់នវានុវត្តន៍ និងការងាកទៅរកសកម្មភាពសេដ្ឋកិច្ចមានតម្លៃខ្ពស់ជាងបច្ចុប្បន្ន។
ដើម្បីជួយដល់ការវិនិយោគរបស់វិស័យឯកជន កម្ពុជាចាំបាច់ត្រូវពង្រឹងភាពព្យាករណ៍បាន របស់បរិស្ថានបទប្បញ្ញត្តិ និងពង្រីកលទ្ធភាពរកបានធនធានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ លើសពីនេះ កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលលក្ខខណ្ឌតម្រូវស្មុគស្មាញ និងតឹងរ៉ឹងសម្រាប់ការបើកធុរកិច្ច អមជាមួយនឹងការធ្វើឱ្យប្រសើរឡើង ដល់ដំណើរការនៃក្របខណ្ឌក្ស័យធនផង វានឹងជួយកាត់បន្ថយការចំណាយ របស់ក្រុមហ៊ុននៅពេលបើករកស៊ី និងពេលបិទទៅវិញ។ការសម្រួលនីតិវិធីឱ្យសាមញ្ញ និងការធ្វើឌីជីថលកម្មនៃសេវាធុរកិច្ច ជាពិសេសការចេញអាជ្ញាបណ្ណ និងការអនុញ្ញាតសម្រាប់អាជីវកម្ម នឹងជួយកាត់បន្ថយការចំណាយនានា ដែលពាក់ព័ន្ធថ្លៃដើម។ ការប្រកួតប្រជែងកាន់តែច្រើន នឹងជំរុញការកាត់បន្ថយការចំណាយ និងលើកកម្ពស់នវានុវត្តន៍ និងកំណើនផលិតភាព ដោយបង្វែរទិសនៃចំណែកទីផ្សារធុរកិច្ច ឆ្ពោះទៅរកផលិតករ ដែលមានប្រសិទ្ធភាពខ្ពស់ជាង ហើយក៏ជួយលើកទឹកចិត្តក្រុមហ៊ុន ឱ្យកាន់តែមានផលិតភាពឡើងដែរ។
ដើម្បីជួយដល់វិស័យទេសចរណ៍ ការកាត់បន្ថយថ្លៃដើម និងថ្លៃសេវានានា (ដូចជា ទិដ្ឋាការ ការស្នាក់នៅ អាហារ ថ្លៃដឹកជញ្ជូន និងថ្លៃសំបុត្រចូល) រួមទាំងការលុបបំបាត់ថ្លៃសេវាក្រៅផ្លូវការផង នឹងជួយទាក់ទាញភ្ញៀវអន្តរជាតិ ឱ្យមកកម្ពុជាកាន់តែច្រើនឡើង។
ទី២ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងឡូហ្ស៊ីស្ទិករបស់កម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងអន្តរជាតិ។
កម្ពុជានៅតែមានការខ្វះច្រើន នូវហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ អាស្រ័យហេតុនេះ សេវាហេដ្ឋារចនាសម្ព័ន្ធនៅតែមិនគ្រប់គ្រាន់ ហើយត្រូវប្រឹងយ៉ាងត្រដាបត្រដួស ដើម្បីបំពេញសេចក្តីត្រូវការដែលកំពុងកើនឡើងយ៉ាងលឿន។ វិស័យថាមពលត្រូវការការវិនិយោគខ្នាតធំថែមទៀត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពីរ ក្នុងពេលតែមួយគឺ៖ ការឆ្លើយតបទៅនឹងការកើនឡើង នៃតម្រូវការអគ្គិសនី (តាមការព្យាករ តម្រូវការអគ្គិសនីនឹងកើនឡើង៤ដង ពី១២ ៤០០ហ្គីហ្កាវ៉ាត់ម៉ោង (GWh) នៅឆ្នាំ ២០២០ ទៅដល់៥៤ ៦០០ហ្គីហ្កាវ៉ាត់ម៉ោង នៅឆ្នាំ២០៤០) និងការបំពេញតាមការសន្យារបស់ប្រទេស ក្នុងក្របខណ្ឌនៃការប្រែប្រួលអាកាសធាតុ។
ការវិនិយោគក៏ត្រូវការចាំបាច់ផងដែរ ដើម្បីកែលម្អឱ្យប្រសើរឡើងនូវសេវាជាមូលដ្ឋានក្នុងទីក្រុងមាន ដូចជា ប្រព័ន្ធទុយោទឹកស្អាត, អនាម័យ, ការគ្រប់គ្រងសំណល់រឹង ទូរគមនាគមន៍ និងការដឹកជញ្ជូន និងការពង្រឹងផែនការរៀបចំក្រុង។
ជាងនេះទៅទៀត កង្វះបណ្តាញការតភ្ជាប់ក្នុងតំបន់ ក៏ជះឥទ្ធិពលមិនល្អទៅលើប្រសិទ្ធភាព និងថ្លៃដើមនៃការធ្វើពាណិជ្ជកម្មឆ្លងដែនដែរ ហើយនេះជាបញ្ហាដែលចាំបាច់ត្រូវតែដោះស្រាយ។ ការវិនិយោគគឺចាំបាច់ ដើម្បីដោះស្រាយគម្លាតផ្នែក ហេដ្ឋារចនាសម្ព័ន្ធជាក់លាក់ សម្រាប់ភ្ជាប់ការដឹកជញ្ជូនក្នុងស្រុក និងក្នុងតំបន់។ ការវិនិយោគទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្មតាមច្រករបៀងកើត-លិច ឆ្លងកាត់ប្រទេសថៃ កម្ពុជា និងវៀតណាម បន្ថែមពីលើផ្លូវច្រករបៀងតែមួយគត់ ដែលតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសឡាវ។
តាមរយៈនេះ វាក៏នឹងធ្វើឱ្យប្រសើរឡើងផងដែរ នូវការតភ្ជាប់ផ្លូវទឹកផ្ទៃក្នុងប្រទេសជាមួយវៀតណាម និងប្រតិបត្តិការផ្លូវដែក និងបណ្តាញភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ ជាមួយប្រទេសថៃ។
ការកែលម្អការសម្របសម្រួលពាណិជ្ជកម្ម និងការអនុវត្តមុខងារផ្នែកឡូហ្ស៊ីស្ទិក ក៏មានសារៈសំខាន់ផងដែរ។ កិច្ចប្រឹងប្រែងគួរត្រូវបានធ្វើបន្ថែមទៀត ដើម្បីកាត់បន្ថយថ្លៃចំណាយ លើការដឹកជញ្ជូន និងសេវាឡូហ្ស៊ីស្ទិក តាមរយៈការតាមដានត្រួតពិនិត្យប្រសិទ្ធភាពនៃច្រកទ្វារពាណិជ្ជកម្មសំខាន់ៗ ដូចជាកំពង់ផែ និងច្រកព្រំដែន។
ទី៣ កិច្ចការសំខាន់មួយទៀត ដែលកម្ពុជាត្រូវបង្កើនលទ្ធផលនៃការរៀន ដើម្បីឆ្លើយតបទៅនឹងកង្វះជំនាញ, បង្កើតកម្លាំងពលកម្មដែលមានសមត្ថភាពត្រៀមសម្រាប់អនាគត និងជំរុញកំណើនផលិតភាពរបស់ប្រទេស។ កំណើនផលិតភាពពលកម្ម បានធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងប្រាំឆ្នាំចុងក្រោយនេះ ហើយបណ្តាក្រុមហ៊ុនក៏បានរាយការណ៍ឱ្យដឹងដែរ អំពីការកើនឡើងនៃកង្វះជំនាញ។
មានកុមារកម្ពុជាមិនច្រើនប៉ុន្មានទេ ដែលបានចុះឈ្មោះទទួលការអប់រំកូនក្មេង ដែលមានន័យថាជាការបាត់បង់ឱកាស សម្រាប់ការវិវឌ្ឍរបស់កុមារក្នុងវ័យដំបូង ហើយវាក៏ជាឧបសគ្គដល់ការវិលត្រឡប់របស់ម្តាយទៅធ្វើការដើម្បីរកប្រាក់ចំណូលដែរ។សាលាកម្រិតបឋមសិក្សា កំពុងជួបប្រទះនូវការធ្លាក់ចុះលទ្ធផលនៃការសិក្សា បើទោះជាលទ្ធភាពចូលរៀនរបស់ក្មេង មានភាពប្រសើរជាងមុនក៏ដោយ។ សិស្សមានចំនួនមិនច្រើនទេ ដែលរៀនបានឡើងថ្នាក់ទៅកម្រិតអនុវិទ្យាល័យ ហើយអ្នកដែលបានឡើងទៅនោះ ច្រើនតែមានមូលដ្ឋានមិនគ្រប់គ្រាន់ ហើយឈប់រៀនក៏ច្រើនដែរ។ កូនសិស្សមកពីគ្រួសារក្រីក្រ រងផលប៉ះពាល់ក្នុងសមាមាត្រមួយខ្លាំងជាងគេ។
យោងតាមសូចនាករមូលធនមនុស្ស របស់ធនាគារពិភពលោក កុមារម្នាក់ដែលកើននៅកម្ពុជាក្នុងថ្ងៃនេះ ត្រូវបានគេរំពឹងថាអាចសម្រេចបានតែពាក់កណ្តាល នៃសក្តានុពលផលិតភាពការងារទេក្នុងមួយជីវិតរបស់ខ្លួន ប៉ុន្តែទាល់តែកុមារនោះទទួលបានការអប់រំ និងសេវាថែទាំងសុខភាព គ្រប់គ្រាន់ដែរ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺក្នុងចំណោមក្មេងអាយុ១៥ឆ្នាំ នៅកម្ពុជា មានតែ៣ភាគរយប៉ុណ្ណោះ ដែលគេរំពឹងថាចេះត្រឹមតែកម្រិតគោលទេ ក្នុងមុខវិជ្ជាគណិតវិទ្យា។ ចំនួន២ភាគរយ ក្នុងការអាន និង ១ភាគរយ ក្នុងវិជ្ជាវិទ្យាសាស្ត្រ។
ត្រង់នេះឆ្លុះបញ្ចាំងអំពីផលជះអវិជ្ជមាន ទៅលើឱកាសសម្រាប់ក្មេងកម្ពុជា ក្នុងការចូលរួម និងរួមចំណែកដល់វិបុលភាពរបស់ប្រទេសទៅថ្ងៃអនាគត។ ការបង្កើនលទ្ធផលនៃការអប់រំ តម្រូវឱ្យមានអភិក្រមច្រើនមុខព្រួញ។ ការពង្រីកលទ្ធភាពទទួលបានការរៀនសូត្រប្រកបដោយគុណភាពក៏សំខាន់ដែរ។ យ៉ាងណាក៏ដោយ ប្រការលើកទឹកចិត្តនានា ដូចជាការផ្ទេរសាច់ប្រាក់ភ្ជាប់លក្ខខណ្ឌជាដើម អាចជាការចាំបាច់ដែរ ដើម្បីបង្កលទ្ធភាពឱ្យក្មេង ជាពិសេសមកពីគ្រួសារក្រីក្រ នៅបន្តរៀនបានយូរជាងមុន៕