ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រធានាធិបតីចិនលោក សុី ជីនពីង បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះ ថា ការធ្វើទំនើបកម្មរបស់ប្រទេសចិននឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ក្រុមហ៊ុនអាជីវកម្មមកពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនៅទូទាំងពិភពលោក។
លោក សុី ជីនពីង បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសារអបអរសាទរចំពោះពិធីជប់លៀងអាហារពេលល្ងាចដើម្បីប្រារព្ធអបអរខួបលើកទី៥០ នៃការបង្កើតក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-ចិន។
លោក សុី ជីនពីង បានធ្វើការកត់សម្គាល់ថា “យើងមានសក្ដានុពលដ៏ធំ លំហដ៏ធំទូលាយ និងអនាគតដ៏ជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែអស្ចារ្យរវាងប្រទេសចិន និងសហរដ្ឋអាមេរិក”។
លោក សុី បានបន្តថា ប្រទេសចិននឹងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងការបើកទូលាយប្រកបដោយស្តង់ដារខ្ពស់ ដើម្បីជំរុញបរិយាកាសធុរកិច្ចដែលផ្តោតលើទីផ្សារ ផ្អែកលើច្បាប់ និងស្ថិតក្នុងលំដាប់ថ្នាក់ពិភពលោក។






