ដោយ វុត្ថា
ភ្នំពេញ៖ វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាលចាត់ទុកជា មាសបៃតង គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថាន ឆ្លើយតបនឹងបំរែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងនៅក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៨កន្លងទៅ យើងសម្រេចបានកំណើនក្នុងអត្រា១០,៧% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង៦,២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤.៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រីបន្តថា នៅឆ្នាំ២០១៩ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦លាន៧សែននាក់នៅឆ្នាំ២០២០ នឹងទទួលបានប្រមាណជាង៧លាននាក់ និងនាំមកនូវចំណូលប្រមាណ៥ពាន់លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារបានប្រមាណជិត១លាននាក់ និងនៅឆ្នាំ២០៣០អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូលប្រមាណ១០ពាន់លានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណជិត២លាននាក់។
លោកបន្តថា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដូចបានជម្រាបជូនខាងលើ ជាយុទ្ធសាស្ត្រគឺត្រូវធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ តាមរយៈការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយភាពវ័យឆ្លាត ស្អាត និងបៃតង (Smart, Clean & Green)។