មន្រ្តីជាន់ខ្ពស់កម្ពុជាស្នើដល់ក្រុមហ៊ុនCambodia Airwayពង្រីកជើងហោះហើរទៅកាន់ឥណ្ឌា និងប្រទេសចិន

0

        ដោយៈ ច្រាយ ចំណាន

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសុខ សូកេន បានជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ពិនិត្យលទ្ធភាពក្នុងការពង្រីកការហោះហើរត្រង់ ទៅមកទីក្រុងផ្សេងទៀត នៃប្រទេសចិន ក៏ដូចជាប្រទេសឥណ្ឌា និងទីផ្សារទេសចរណ៍សំខាន់ៗដទៃទៀតនៃពិភពលោក។

ការស្នើនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី សុខ សូកេន ទទួលជំនួបសម្តែងការគួរសមពីលោកស្រី ជាំង អ៊ីហ្វី (JIANG YIFEI) នាយកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍Cambodia Airway នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី សុខ សូកេន បានអបអរសាទរចំពោះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដែលបានដំណើរការជើងហោះហើរចំនួនប្រមាណ២,៥០០ជើង ជាមួយនឹងអ្នកដំណើរជាង២៥០,០០០នាក់ក្នុងឆ្នាំ២០២៣។ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានជំរុញ ឲ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ពិនិត្យលទ្ធភាពលើដំណើរការ ជើងហោះហើរត្រង់ទៅមកទីក្រុង/ ខេត្តផ្សេងទៀតនាំប្រទេសចិន ក៏ដូចជាប្រទេសឥណ្ឌា និងទីផ្សារទេសចរណ៍សំខាន់ៗផ្សេងទៀត មកកាន់ប្រទេសកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការសំខាន់ៗរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ ក្នុងនោះមាន “យុទ្ធនាការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” និង”ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” និង ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់តំបន់ និងពិភពលោក។ លោកស្រី ជាំង អ៊ីហ្វី បានទទួលនូវសំណើនេះ និងប្ដេជ្ញាខិតខំជំរុញកិច្ចការនេះ តាមលទ្ធភាពដែលអាចធ្វើទៅបាន និងប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។

លោករដ្ឋមន្ត្រីបានបានបង្ហាញ ពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេស​ចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”៕

LEAVE A REPLY

Please enter your comment!
Please enter your name here