ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសុខ សូកេន បានជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ពិនិត្យលទ្ធភាពក្នុងការពង្រីកការហោះហើរត្រង់ ទៅមកទីក្រុងផ្សេងទៀត នៃប្រទេសចិន ក៏ដូចជាប្រទេសឥណ្ឌា និងទីផ្សារទេសចរណ៍សំខាន់ៗដទៃទៀតនៃពិភពលោក។
ការស្នើនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី សុខ សូកេន ទទួលជំនួបសម្តែងការគួរសមពីលោកស្រី ជាំង អ៊ីហ្វី (JIANG YIFEI) នាយកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍Cambodia Airway នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
-->
លោករដ្ឋមន្ត្រី សុខ សូកេន បានអបអរសាទរចំពោះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដែលបានដំណើរការជើងហោះហើរចំនួនប្រមាណ២,៥០០ជើង ជាមួយនឹងអ្នកដំណើរជាង២៥០,០០០នាក់ក្នុងឆ្នាំ២០២៣។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានជំរុញ ឲ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ពិនិត្យលទ្ធភាពលើដំណើរការ ជើងហោះហើរត្រង់ទៅមកទីក្រុង/ ខេត្តផ្សេងទៀតនាំប្រទេសចិន ក៏ដូចជាប្រទេសឥណ្ឌា និងទីផ្សារទេសចរណ៍សំខាន់ៗផ្សេងទៀត មកកាន់ប្រទេសកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការសំខាន់ៗរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ ក្នុងនោះមាន “យុទ្ធនាការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” និង”ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” និង ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់តំបន់ និងពិភពលោក។
លោកស្រី ជាំង អ៊ីហ្វី បានទទួលនូវសំណើនេះ និងប្ដេជ្ញាខិតខំជំរុញកិច្ចការនេះ តាមលទ្ធភាពដែលអាចធ្វើទៅបាន និងប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។
លោករដ្ឋមន្ត្រីបានបានបង្ហាញ ពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”៕