ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើងចាស់ និងក្លាយជាអ្នកអភិវឌ្ឍន៍មួយរូបក្នុងវិស័យនេះ លោកឧកញ៉ានួន រិទ្ឋី បានលើកឡើងនូនស្ថានភាពពិតក្នុងវិស័យនេះ នៅដើមឆ្នាំ២០២៤ ខណៈមនុស្សជាច្រើនកំពុងរង់ចាំមើល។
លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ KFA Group បានមានប្រសាសន៍ឲ្យដឹងនៅចុងសប្តាហ៍នេះថា ស្ថានភាពវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ហាក់មិនសូវខុសប្លែកប៉ុន្មាន ពីអំឡុងពេលកូវីដ១៩ ដំណាក់ទី២នោះដែរ អ្វីៗនៅតែបន្តមានភាពស្ងប់ស្ងាត់។
-->
លោកបង្ហើបថា ក្នុងវិស័យនេះ មានការបែងចែកជា៤ផ្នែក រួមមាន ផ្នែកដីកសិកម្ម ដីសម្រាប់ឧស្សាហកម្ម ផ្នែកលំនៅឋាន និងផ្នែកពាណិជ្ជកម្ម។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ក្នុងចំណោមផ្នែកធំៗចំនួន៤ ក្នុងវិស័យអចលនទ្រព្យនេះ យើងឃើញថា ផ្នែកកសិកម្ម និងឧស្សាហកម្មនៅមានដំណើរល្អ ជាពិសេសកសិកម្ម ដោយដីសម្រាប់កសិកម្មមានតម្រូវការខ្ពស់ តែយ៉ាងណាក្ដី ដីធ្លីក្នុងផ្នែកនេះមិនមានការប្រែប្រួលខ្លាំងណាស់ណាទេ។
លោកបន្តថា សម្រាប់អចលនទ្រព្យផ្នែកលំនៅឋាន ផ្ទះសំបែង ឃើញថាបន្តថមថយ ដោយការអភិវឌ្ឍបានដកឃ្លាមួយរយៈ ដោយមិនមានការអភិវឌ្ឍច្រើនដូចមុនកូវីដនោះទេ។ ជាមួយគ្នានោះដែរ តម្លៃលំនៅឋាន បានធ្លាក់ចុះចន្លោះពី១៥ ទៅ២៥ភាគរយ ជាពិសេសលំនៅឋានដែលមានការអភិវឌ្ឍថ្មីៗ ខណៈដែលអ្នកអភិវឌ្ឍន៍មួយចំនួនបានកែប្រែតម្លៃផ្ទះសាជាថ្មី។
លោកឧញ៉ាបន្ថែមថា នៅក្នុងដំណាក់កាលនៃវិបត្តិនេះ លំនៅឋានតម្លៃសមរម្យ ក៏នៅតែអាចលក់ចេញបានជាហូរហែរ ដោយសារអ្នកអភិវឌ្ឍន៍លំនៅឋានប្រភេទនេះ ផ្ដល់លក្ខខណ្ឌបង់ប្រាក់ដោយរំលស់ជាប្រចាំខែ ហើយអ្នកដែលមានលុយសុទ្ធ សម្រាប់ទិញបង់ផ្ដាច់ក៏មានចំនួនច្រើន ទើបធ្វើឱ្យទីផ្សារនៃប្រភេទនេះ នៅតែមានភាពរលូន ។
ចំណែកទីផ្សារខុនដូវិញ ក៏ឃើញថា គម្រោងដែលបានសាងសង់រួចរាល់ហើយ មានមនុស្សរស់នៅពេញៗដោយតម្លៃខុនដូប្រភេទនេះក៏មិនមានការប្រែប្រួលដែរ។ ចំណែកខុនដូដែលមិនទាន់សាងសង់រួចឃើញថា តម្លៃបានថមថយបន្តិច ដោយសារអ្នកទិញក៏មានចំនួនថមថយជាងមុនដែរ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia បានបង្ហាញថា ចំនួនវិនិយោគិនចិន ដែលជាវិនិយោគិនធ្លាប់ជាប់លំដាប់ថ្នាក់ទី១នៅកម្ពុជា នៅមិនទាន់បានចូលមកកាន់កម្ពុជា ក្នុងចំនួនច្រើននោះទេ ក្នុងឆ្នាំ២០២៤នេះ ឬអាចនិយាយថាកុំទាន់រំពឹងលើការវិលត្រលប់របស់វិនិយោគិនចិន ចូលមកកម្ពុជាវិញក្នុងឆ្នាំ២០២៤នេះ ។
លំនៅដ្ឋានតម្លៃសមរម្យ អាចនៅតែមានសក្តានុពលក្នុងទីផ្សារនេះ ខណៈអ្នកវិនិយោគអន្តរជាតិ បានបង្ហាញការចាប់អារម្មណ៍លើផ្នែកនេះផងដែរ។
ថ្នាក់ដឹកនាំក្រុមហ៊ុនLippo Group ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី បានបង្ហាញបំណងវិនិយោគក្នុងវិស័យនេះ ក្នុងជំនួបជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងពេលសម្តេចអញ្ជើញចូលរូមកិច្ចប្រជុំ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងសប្តាហ៍នេះ៕