អ្នកជំនាញបង្ហាញស្ថានភាពពិតនៃវិស័យអចលនទ្រព្យនាពេលដើមឆ្នាំនេះ និងបង្ហើបពីផ្នែកដែលកំពុងងើបឡើងសន្សឹមៗ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើងចាស់ និងក្លាយជាអ្នកអភិវឌ្ឍន៍មួយរូបក្នុងវិស័យនេះ លោកឧកញ៉ានួន រិទ្ឋី បានលើកឡើងនូនស្ថានភាពពិតក្នុងវិស័យនេះ នៅដើមឆ្នាំ២០២៤ ខណៈមនុស្សជាច្រើនកំពុងរង់ចាំមើល។

លោកឧកញ៉ា​ នួន រិទ្ធី ប្រធានក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុនអចលនទ្រព្យ ​KFA Group បានមានប្រសាសន៍ឲ្យដឹងនៅចុងសប្តាហ៍នេះថា​ ស្ថានភាព​វិស័យអចលនទ្រព្យ ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុ​ប្បន្ន​នេះ ហាក់មិនសូវ​ខុស​ប្លែក​ប៉ុន្មាន ពីអំឡុង​ពេលកូវីដ​១៩​ ដំ​ណា​ក់​​ទី២នោះដែរ អ្វីៗនៅតែបន្តមានភាពស្ងប់ស្ងាត់​។

លោកបង្ហើបថា ក្នុ​ងវិស័យ​នេះ មានការបែង​ចែកជា៤ផ្នែក រួមមាន ផ្នែកដី​កសិកម្ម ដីសម្រាប់ឧស្សាហកម្ម ផ្នែកលំនៅឋាន និងផ្នែកពាណិជ្ជកម្ម​។លោកឧកញ៉ានួន រិទ្ឋី​បានបន្តថា ក្នុង​ចំណោម​ផ្នែក​ធំៗ​ចំនួន​៤ ​ក្នុង​វិស័យអចលនទ្រព្យ​នេះ យើងឃើញថា ផ្នែក​កសិកម្ម និង​ឧស្សា​ហកម្ម​នៅមានដំណើរ​ល្អ ជាពិសេស​កសិកម្ម ដោយ​ដីសម្រាប់កសិកម្មមានតម្រូវការ​ខ្ពស់ តែ​យ៉ាង​ណា​ក្ដី​ ដីធ្លីក្នុង​ផ្នែកនេះមិនមានកា​រប្រែប្រួ​លខ្លាំងណាស់​ណា​ទេ។​

លោកបន្តថា សម្រាប់​អចលនទ្រព្យ​ផ្នែក​លំនៅឋាន ផ្ទះសំ​បែ​ង​ ឃើញថា​បន្តថមថយ ដោយ​ការ​អភិវឌ្ឍ​បានដក​ឃ្លាមួយរយៈ ដោយមិនមានការអភិវឌ្ឍ​ច្រើនដូចមុនកូវីដ​នោះ​ទេ។ ជាមួយគ្នានោះដែរ ​តម្លៃលំនៅឋាន​ បាន​ធ្លាក់​ចុះ​ចន្លោះពី​១៥ ទៅ​២៥​ភាគរយ ​ជាពិសេស​លំនៅឋាន​ដែលមានការអភិវឌ្ឍថ្មីៗ ខណៈដែលអ្នកអភិវឌ្ឍ​ន៍មួយចំនួនបានកែប្រែតម្លៃផ្ទះសាជាថ្មី។​លោកឧញ៉ា​បន្ថែមថា នៅក្នុងដំណាក់​កាលនៃ​វិបត្តិ​នេះ លំនៅឋានតម្លៃសមរម្យ​ ក៏នៅតែ​អាចលក់​ចេញ​បា​ន​ជា​ហូរ​ហែរ​ ដោយសារអ្នកអភិវឌ្ឍន៍លំនៅឋាន​ប្រភេទ​នេះ ​ផ្ដល់​លក្ខខណ្ឌ​បង់​ប្រាក់​ដោយរំលស់​ជា​ប្រចាំ​ខែ ហើយ​អ្នកដែលមានលុយ​សុទ្ធ ​សម្រាប់ទិញបង់ផ្ដាច់ក៏មាន​ចំនួន​ច្រើន ទើបធ្វើ​ឱ្យ​ទីផ្សារនៃ​ប្រភេទ​នេះ ​​នៅ​តែ​​មានភាពរលូន ។

ចំណែក​ទីផ្សារ​ខុនដូវិញ ក៏ឃើញថា​ គម្រោងដែលបាន​សាងសង់​រួចរាល់​ហើយ ​មាន​មនុស្ស​រស់នៅពេញៗដោយ​តម្លៃខុនដូប្រភេទនេះ​ក៏មិនមានកា​រប្រែប្រួលដែរ។ ចំណែក​ខុនដូ​ដែល​មិន​ទាន់​សាងសង់​រួចឃើញថា ​តម្លៃ​បានថមថយ​បន្តិច​ ដោយសារអ្នកទិញ​ក៏មានចំនួន​ថមថយ​ជាង​មុនដែរ។យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia បានបង្ហាញ​ថា​ ចំនួនវិនិយោគិន​ចិន ដែលជា​វិនិយោគិន​ធ្លាប់​ជាប់​លំដាប់​ថ្នាក់​ទី​១​នៅកម្ពុជា​ នៅ​មិនទាន់បានចូលមកកាន់កម្ពុជា ក្នុងចំនួនច្រើននោះទេ ក្នុងឆ្នាំ២០២៤​នេះ ឬអាច​និយាយថា​កុំទាន់រំពឹង​លើការ​វិល​ត្រ​ល​ប់​​​របស់​វិនិយោគិន​ចិន ចូលមកកម្ពុជា​វិញក្នុងឆ្នាំ២០២៤​នេះ ។ ​

លំនៅដ្ឋានតម្លៃសមរម្យ អាចនៅតែមានសក្តានុពលក្នុងទីផ្សារនេះ ខណៈអ្នកវិនិយោគអន្តរជាតិ បានបង្ហាញការចាប់អារម្មណ៍លើផ្នែកនេះផងដែរ។

ថ្នាក់ដឹកនាំក្រុមហ៊ុនLippo Group ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី បានបង្ហាញបំណងវិនិយោគក្នុងវិស័យនេះ ក្នុងជំនួបជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃក​ម្ពុជា អំឡុងពេលសម្តេចអញ្ជើញចូលរូមកិច្ចប្រជុំ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងសប្តាហ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here