ដោយ វុត្ថា
ភ្នំពេញ៖ ស្របពេលបច្ចេកវិទ្យាអិនធើណិតកំពុងតែពេញនិយមនៅទូទាំងពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ស្នើរដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវពិនិត្យមើលលទ្ធភាព ដាក់ Free Wifi នៅតាមតំបន់ទេសចរណ៍នានា ខណៈការដាក់ឪ្យប្រើប្រាស់៣ទីតាំងនៅរាជធានីភ្នំពេញមិនសូវដើរល្អ និងមិនទទួលបានជោគជ័យ។
សម្ដេចតេជោ នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី «ទិវាជាតិទីក្រុងស្អាត» លើកទី៧ នៅសណ្ឋាគារសុខាភ្នំពេញ។ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានក្រើនរំលឹកដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តាមពិនិត្យឲ្យបានម៉ត់ចត់ទៅលើបញ្ហា Free Wifi ព្រោះការប្រើ Wifi នេះមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ពោលមាន Wifi តែអត់មានអ៉ីនធើណេត។
សម្ដេចតេជោថា “ទន្ទឹមនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបំពាក់ឲ្យមាន ហ្វី វ៉ាយហ្វាយ (Free Wifi) នៅតាមគោលដៅទេសចរណ៍នីមួយៗ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងឲ្យបានមុនឆ្នាំ២០២៣។ ចំណុចនេះ ខ្ញុំក៏សូមទាក់ទាញឲ្យមានការយកចិត្តទុកដាក់ ព្រោះស្ថានភាពដែលយើងបានធ្វើនៅទីក្រុងភ្នំពេញ ប៉ុន្មានកន្លែងនេះហាក់ដូចជាមិនទាន់មានប្រសិទ្ធភាពទេ”។