ដោយ វុត្ថា
ភ្នំពេញ៖ ស្របពេលបច្ចេកវិទ្យាអិនធើណិតកំពុងតែពេញនិយមនៅទូទាំងពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ស្នើរដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវពិនិត្យមើលលទ្ធភាព ដាក់ Free Wifi នៅតាមតំបន់ទេសចរណ៍នានា ខណៈការដាក់ឪ្យប្រើប្រាស់៣ទីតាំងនៅរាជធានីភ្នំពេញមិនសូវដើរល្អ និងមិនទទួលបានជោគជ័យ។
សម្ដេចតេជោ នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី «ទិវាជាតិទីក្រុងស្អាត» លើកទី៧ នៅសណ្ឋាគារសុខាភ្នំពេញ។ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានក្រើនរំលឹកដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តាមពិនិត្យឲ្យបានម៉ត់ចត់ទៅលើបញ្ហា Free Wifi ព្រោះការប្រើ Wifi នេះមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ពោលមាន Wifi តែអត់មានអ៉ីនធើណេត។
សម្ដេចតេជោថា “ទន្ទឹមនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបំពាក់ឲ្យមាន ហ្វី វ៉ាយហ្វាយ (Free Wifi) នៅតាមគោលដៅទេសចរណ៍នីមួយៗ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងឲ្យបានមុនឆ្នាំ២០២៣។ ចំណុចនេះ ខ្ញុំក៏សូមទាក់ទាញឲ្យមានការយកចិត្តទុកដាក់ ព្រោះស្ថានភាពដែលយើងបានធ្វើនៅទីក្រុងភ្នំពេញ ប៉ុន្មានកន្លែងនេះហាក់ដូចជាមិនទាន់មានប្រសិទ្ធភាពទេ”។
សម្តេចតេជោ ក៏បានស្នើរដល់ម្ចាស់ទីតាំងសណ្ឋាគារ ឬកន្លែងផ្សេងដែលមានការបំពាក់ Free Wifi ត្រូវមានការពិនិត្យ និងប្រុងប្រយ័ត្ននៅពេលជួលក្រុមហ៊ុនអ៉ីនធើណេត មកតម្លើង Wifi នៅទីតាំងរបស់ខ្លួន ប៉ុន្ដែអ៉ីនធើណេតនោះមិនដំណើរការ ដោយខាងក្រុមហ៊ុនគិតលុយដូចធម្មតា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានសម្តែងការស្វាគម៍ចំពោះប្រមុខរដ្ឋាភិបាលដែលមានបំណងដាក់ Free Wifi នៅគ្រប់គោលដៅទេសចរណ៍ដែលបង្ករភាពងាយស្រួលដល់អ្នកទេសចរណ៍ក្នុងការទាក់ទង ។
លោកស្រីបន្តថា នៅពេលដាក់ Free Wifi បែបនេះ នឹងធ្វើឲ្យប្រទេសកម្ពុជាកាន់តែសម្បូរបែប ហើយទាក់ទាញទេសចរណ៍មកលេង ប្រទេសកម្ពុជាកាន់តែច្រើន ។ បន្ថែមពីនេះ បើរដ្ឋាភិបាលដាក់ដោយខ្លួនឯងនឹងធ្វើឪ្យ Free Wifi នេះ នឹងដំណើរការល្អជាងក្រុមហ៊ុនឯកជន ព្រោះក្រុមហ៊ុនឯកដាក់ស្ពីតមានចំនួនកំណត់៕