ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះធំមួយគ្រោងបោះទុន២០លានដុល្លារ សាងសង់រោងចក្រនៅវៀតណាម

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះ KP Aero Industries របស់កូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគ២០លានដុល្លារអាមេរិក សាងសង់រោងចក្រនៅប្រទេសវៀតណាម ដើម្បីផ្គុំគ្រឿងបន្លាស់សម្រាប់យន្តហោះម៉ាក Boeing។

ការបណ្តាក់ទុនដោយក្រុមហ៊ុនផ្គត់ផ្គង់ គ្រឿងបន្លាស់របស់កូរ៉េខាងត្បូង នឹងនាំឱ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ពង្រីកបណ្តាញផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម។កាល​ពី​ខែ​កញ្ញា ក្រុមហ៊ុន Boeing ក៏​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​បឋម​ ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines សម្រាប់​ការ​លក់​យន្តហោះម៉ាក Boeing 737 Max 8 ចំនួន៥០គ្រឿងផងដែរ។

លោក Lee Young-su មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន KP Aero បានប្រាប់សារពត៌មាន Reuters ថា ក្រុមហ៊ុននឹងបោះទុនវិនិយោគដំបូងចំនួន២០លានដុល្លារអាមេរិក រហូតដល់ឆ្នាំ២០២៨ ដើម្បីផ្គុំគ្រឿងបន្លាស់ សម្រាប់យន្តហោះម៉ាក Boeing 787 និង Boeing 737។អាជ្ញាធរទីក្រុងដាណាងបានបញ្ជាក់​ឱ្យដឹង តាមរយៈប្រព័ន្ធ​ផ្សព្វ ផ្សាយ​កាលពី​ថ្ងៃ​ពុធទី២៤ ខែមករា ថា រដ្ឋាភិបាលនឹងអនុម័តឱ្យក្រុមហ៊ុន KP Aero បណ្តាក់​ទុន​ចំនួន២០លាន​ដុល្លារ​ ក្នុង​ប្រទេស​វៀតណាមជា​ផ្លូវ​ការ​នៅ​ចុង​សប្តាហ៍​នេះ​។

មន្ត្រីវៀតណាមមួយរូបបានទម្លាយឱ្យដឹងថា ទីតាំងវិនិយោគរបស់ក្រុមហ៊ុននេះ នឹងស្ថិតនៅក្នុងសួនឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់របស់ទីក្រុងដាណាង។ក្រុមហ៊ុន KP Aero គឺជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ ដល់ផ្នែកវិស្វកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលជាអ្នកផ្គត់ផ្គង់ដោយផ្ទាល់ទៅដល់ក្រុមហ៊ុន Boeing ៕

LEAVE A REPLY

Please enter your comment!
Please enter your name here