ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះ KP Aero Industries របស់កូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគ២០លានដុល្លារអាមេរិក សាងសង់រោងចក្រនៅប្រទេសវៀតណាម ដើម្បីផ្គុំគ្រឿងបន្លាស់សម្រាប់យន្តហោះម៉ាក Boeing។
ការបណ្តាក់ទុនដោយក្រុមហ៊ុនផ្គត់ផ្គង់ គ្រឿងបន្លាស់របស់កូរ៉េខាងត្បូង នឹងនាំឱ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ពង្រីកបណ្តាញផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម។កាលពីខែកញ្ញា ក្រុមហ៊ុន Boeing ក៏បានឈានដល់កិច្ចព្រមព្រៀងជាបឋម ជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines សម្រាប់ការលក់យន្តហោះម៉ាក Boeing 737 Max 8 ចំនួន៥០គ្រឿងផងដែរ។
លោក Lee Young-su មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន KP Aero បានប្រាប់សារពត៌មាន Reuters ថា ក្រុមហ៊ុននឹងបោះទុនវិនិយោគដំបូងចំនួន២០លានដុល្លារអាមេរិក រហូតដល់ឆ្នាំ២០២៨ ដើម្បីផ្គុំគ្រឿងបន្លាស់ សម្រាប់យន្តហោះម៉ាក Boeing 787 និង Boeing 737។អាជ្ញាធរទីក្រុងដាណាងបានបញ្ជាក់ឱ្យដឹង តាមរយៈប្រព័ន្ធផ្សព្វ ផ្សាយកាលពីថ្ងៃពុធទី២៤ ខែមករា ថា រដ្ឋាភិបាលនឹងអនុម័តឱ្យក្រុមហ៊ុន KP Aero បណ្តាក់ទុនចំនួន២០លានដុល្លារ ក្នុងប្រទេសវៀតណាមជាផ្លូវការនៅចុងសប្តាហ៍នេះ។
មន្ត្រីវៀតណាមមួយរូបបានទម្លាយឱ្យដឹងថា ទីតាំងវិនិយោគរបស់ក្រុមហ៊ុននេះ នឹងស្ថិតនៅក្នុងសួនឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់របស់ទីក្រុងដាណាង។ក្រុមហ៊ុន KP Aero គឺជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ ដល់ផ្នែកវិស្វកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលជាអ្នកផ្គត់ផ្គង់ដោយផ្ទាល់ទៅដល់ក្រុមហ៊ុន Boeing ៕