ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមនិយតករហិរញ្ញវត្ថុកំពូលបានអះអាងថា ប្រទេសចិន នឹងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញក្រុមហ៊ុនបរទេស ហើយនឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួន ដើម្បីការពារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនបរទេសនោះទេ។
លោក Li Yunze ប្រធានរដ្ឋបាលគ្រប់គ្រងហិរញ្ញវត្ថុជាតិរបស់ប្រទេសចិន (NFRA) បានថ្លែងក្នុងវេទិកាហិរញ្ញវត្ថុអាស៊ី នៅទីក្រុងហុងកុងថា ប្រទេសចិននឹងមិនផ្លាស់ប្តូរ គោលនយោបាយរបស់ខ្លួនឡើយ ហើយយើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ និងប្រើប្រាស់មូលធនបរទេស ទៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។
លោក Li បានគូសបញ្ជាក់ថា “ទិសដៅនៃការផ្តល់បរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង សម្រាប់ការវិនិយោគបរទេស នឹងមិនផ្លាស់ប្តូរទេ”។លោកបន្ថែមថា “ប្រទេសចិនកំពុងសិក្សាលទ្ធភាព ពីការកាត់បន្ថយការរឹតបន្តឹង សម្រាប់ស្ថាប័នហិរញ្ញវត្ថុហុងកុង និងម៉ាកាវ ដើម្បីអនុញ្ញាតឱ្យពួកគេ អាចចូលហ៊ុនក្នុងក្រុមហ៊ុនធានារ៉ាប់រង របស់តំបន់ចិនដីគោក”។






