Hattha top Banner

ប្រទេសចិនប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញការ វិនិយោគរបស់ក្រុមហ៊ុនបរទេស

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រុមនិយតករហិរញ្ញវត្ថុកំពូលបានអះអាងថា ប្រទេសចិន នឹងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញក្រុមហ៊ុនបរទេស ហើយនឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួន ដើម្បីការពារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនបរទេសនោះទេ។

លោក Li Yunze ប្រធានរដ្ឋបាលគ្រប់គ្រងហិរញ្ញវត្ថុជាតិរបស់ប្រទេសចិន (NFRA) បានថ្លែងក្នុងវេទិកាហិរញ្ញវត្ថុអាស៊ី នៅទីក្រុងហុងកុងថា ប្រទេសចិននឹងមិនផ្លាស់ប្តូរ គោលនយោបាយរបស់ខ្លួនឡើយ ហើយយើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ និងប្រើប្រាស់មូលធនបរទេស ទៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។លោក Li បានគូសបញ្ជាក់ថា “ទិសដៅនៃការផ្តល់បរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង សម្រាប់ការវិនិយោគបរទេស នឹងមិនផ្លាស់ប្តូរទេ”។លោកបន្ថែមថា “ប្រទេសចិនកំពុងសិក្សាលទ្ធភាព ពីការកាត់បន្ថយការរឹតបន្តឹង សម្រាប់ស្ថាប័នហិរញ្ញវត្ថុហុងកុង និងម៉ាកាវ ដើម្បីអនុញ្ញាតឱ្យពួកគេ អាចចូលហ៊ុនក្នុងក្រុមហ៊ុនធានារ៉ាប់រង របស់តំបន់ចិនដីគោក”។

សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើង៥,២ភាគរយនៅឆ្នាំ២០២៣ ដែលលើសពីគោលដៅផ្លូវការបន្តិច ប៉ុន្តែដំណើរការស្ទុះងើបឡើងវិញ គឺមានភាពរង្គោះរង្គើ ជាងអ្នកវិភាគជាច្រើនបានរំពឹងទុក ស្របពេលមានការកើនឡើង នៃបំណុលរបស់រដ្ឋបាលក្នុងតំបន់ និងវិបត្តិអចលនទ្រព្យ។

ផ្សារហ៊ុននៅទីក្រុងហុងកុង និងក្រុងសៀងហៃ បានដាំក្បាលចុះ ខណៈពេលដែលអ្នកវិនិយោគ ទូទាំងពិភពលោកនៅក្នុងប្រទេសចិន កំពុងឆ្ពោះទៅរកច្រកចាកចេញ ពីប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ។

លោក Li Yunze បានអះអាងទៀតថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមមួយចំនួន ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ប្រទេសយើង នៅតែមានភាពរឹងមាំ។

លោកបានបន្ថែមថា ប្រតិបត្តិការសរុបជាទូទៅ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ របស់ប្រទេសចិនមានស្ថេរភាព ហើយហានិភ័យនៅតែអាចគ្រប់គ្រងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here