ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជាបានអះអាងថា ស្ថានភាពទីផ្សារអចលនទ្រព្យ ក្នុងដើមឆ្នាំ២០២៤នេះ មានចលនាកម្រើកខ្លះៗ ប៉ុន្តែមិនទាន់ហក់ឡើងខ្ពស់នៅឡើយទេ។
អ្នកស្រីអាន សុធីតា នាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ដើមឆ្នាំ២០២៤នេះ ដូចជា មិនសូវមានអ្វីខុសប្លែកពីឆ្នាំ២០២៣ទេ ។ ការវិនិយោគ គឺនៅមានទំហំទ្រង់ទ្រាយតិចតួច ទាំងអ្នកវិនិយោគអន្តរជាតិ ហើយអ្នកវិនិយោគក្នុងស្រុក ។អ្នកស្រីបន្តថា “អ្នកវិនិយោគក្នុងស្រុក នៅតែបន្តទិញលក់ធម្មតា គ្រាន់តែថាស្ថិតនៅក្នុងទ្រង់ទ្រាយតូចៗ គឺទិញយកទៅប្រើប្រាស់ មិនមែនទិញវិនិយោគយកចំណេញ”។ អ្នកស្រីបន្តថា “ការទិញយកចំណេញ លុះត្រាតែគាត់ចាប់បានឱកាស ដែលតម្លៃស្ថិតក្រោមទីផ្សារ ចន្លោះពី៣០ ទៅ៥០ភាគរយ”។
អ្នកស្រីបន្តថា បើសិនជាអ្នកវិនិយោគបរទេសវិញមាន គឺដូចនិយាយពីមុនអ៊ីចឹង គឺមានទ្រង់ទ្រាយលក្ខណៈជាខ្នាតតូច ជាការវិនិយោគដោយបុគ្គល មិនមានការវិនិយោគធំដុំ ពីអ្នកវិនិយោគខ្នាតធំ អ្នកអភិវឌ្ឍខ្នាតធំដូចកាលពី៣ឆ្នាំមុនទេ។
អ្នកនាង អាន សុធីតា បានបន្តថា អ្នកវិនិយោគត្រូវដឹងពីលំហូរសាច់ប្រាក់របស់ខ្លួនឱ្យបានច្បាស់ និងវិភាគលើសក្ដានុពលអចលនទ្រព្យ ឱ្យបានជាក់លាក់មុនសម្រេចចិត្តវិនិយោគ។ អចលនទ្រព្យដែលទាក់ទិននឹងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្មចាត់ទុកថា កំពុងមានសក្ដានុពុលដោយសាររំហូរភ្ញៀវទេសចរ។ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យជាច្រើនទៀតបានឲ្យដឹងថា ដើមឆ្នាំ២០២៤នេះ វិស័យអចលនទ្រព្យនៅតែអាចដើរទៅមុខបានជាឱកាសល្អ សម្រាប់អ្នកដែលមានតម្រូវការទិញ សម្រាប់លក់យកចំណេញ។
កម្ពុជាបានអនុម័តគម្រោងសាងសង់ សរុប២.៦០០គម្រោងធ្លាក់ចុះ១៩ភាគរយ បើគិតត្រឹមរយៈពេល៣ត្រីមាស ក្នុងឆ្នាំ២០២៣កន្លងមកនេះ៕