Hattha top Banner

អ្នកជំនាញអះអាងថា ទីផ្សារអចលនទ្រព្យកម្រើកខ្លះ តែមិនទាន់ហក់ឡើងខ្ពស់នៅឡើយ

0

        ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជាបានអះអាង​ថា ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ ​ក្នុង​ដើមឆ្នាំ​២០២៤​នេះ មាន​ចលនា​កម្រើក​ខ្លះ​ៗ ប៉ុន្តែ​មិនទាន់ហក់ឡើងខ្ពស់នៅឡើយទេ។

អ្នកស្រីអាន សុធីតា នាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ​ដើមឆ្នាំ​២០២៤​នេះ ដូច​ជា ​មិនសូវ​មាន​អ្វី​ខុស​ប្លែក​ពី​ឆ្នាំ​២០២៣​ទេ ។ ការ​វិនិយោគ គឺ​នៅ​មាន​ទំហំ​ទ្រង់ទ្រាយ​តិចតួច​ ទាំង​អ្នក​វិនិយោគ​អន្តរជាតិ ហើយ​អ្នក​វិនិយោគ​ក្នុងស្រុក ។អ្នកស្រីបន្តថា “អ្នកវិនិយោគ​ក្នុងស្រុក ​នៅ​តែ​បន្ត​ទិញ​លក់​ធម្មតា គ្រាន់តែ​ថាស្ថិតនៅក្នុង​ទ្រង់​ទ្រា​យតូចៗ គឺទិញយកទៅប្រើប្រាស់ មិនមែនទិញវិនិយោគយកចំណេញ”។ អ្នកស្រីបន្តថា “ការទិញយកចំណេញ លុះត្រាតែ​គាត់​ចាប់​បាន​ឱកាស​ ដែលតម្លៃស្ថិតក្រោម​ទីផ្សារ ចន្លោះពី​៣០ ​ទៅ​៥០​ភាគរយ​”។

អ្នកស្រីបន្តថា ​បើសិនជា​អ្នក​វិនិយោគ​បរទេស​វិញ​មាន គឺ​ដូច​និយាយ​ពី​មុន​អ៊ីចឹង គឺ​មាន​ទ្រង់ទ្រាយ​លក្ខណៈ​ជា​ខ្នាត​តូច ​ជា​ការ​វិនិយោគ​ដោយ​បុគ្គល ​មិន​មានការ​វិនិយោគ​ធំដុំ ​ពី​អ្នក​វិនិយោគ​ខ្នាត​ធំ អ្នក​អភិវឌ្ឍ​ខ្នាត​ធំ​ដូច​កាល​ពី​៣​ឆ្នាំ​មុន​ទេ​។

អ្នក​នាង អាន សុធី​តា បាន​បន្ត​ថា អ្នក​វិនិយោគ​ត្រូវ​ដឹង​ពី​លំហូរ​សាច់ប្រាក់​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់ និង​វិភាគ​លើ​សក្ដានុពល​អចលនទ្រព្យ​ ឱ្យ​បាន​ជាក់លាក់​មុន​សម្រេចចិត្ត​វិនិយោគ។ អចលនទ្រព្យ​ដែល​ទាក់ទិន​នឹង​វិស័យ​ទេសចរណ៍ និង​វិស័យ​ឧស្សាហកម្ម​ចាត់​ទុក​ថា កំពុង​មាន​សក្ដា​នុ​ពុល​ដោយសារ​រំហូរ​ភ្ញៀវ​ទេសចរ។ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យជាច្រើនទៀតបានឲ្យដឹងថា ​ដើមឆ្នាំ​២០២៤​នេះ វិស័យ​អចលនទ្រព្យ​នៅ​តែ​អាច​ដើរទៅ​មុខ​បានជា​ឱកាសល្អ​ សម្រាប់​អ្នក​ដែល​មាន​តម្រូវការ​ទិញ​ សម្រាប់​លក់​យកចំណេញ។

កម្ពុជា​បាន​អនុម័ត​គម្រោង​សាងសង់ ​សរុប​២.៦០០គម្រោង​ធ្លាក់​ចុះ​១៩​ភាគរយ បើគិតត្រឹមរយៈពេល៣ត្រីមាស ក្នុងឆ្នាំ២០២៣កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here