ដោយគង់ សូរិយា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអា ជ្ញាធរទូទាំងស្រុកស្វាយអន្ទរក្នុងខេត្តព្រៃវែងទាំងអស់ ត្រូវរាយការណ៍ជាបន្ទាន់មកកាន់ធនាគារជាតិនៃកម្ពុជា ពេលបានឃើញស្ថាប័ន ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយឲ្យប្រជាពលរដ្ឋខ្ចីប្រាក់យកការប្រាក់លើសពី១៨ភាគរយក្នុងមួយឆ្នាំ។
ការអំពាវនាវនេះរបស់លោកគិត សុវណ្ណារិទ្ឋ អគ្គនាយករងនិងជាប្រធាននាយកដ្ឋានត្រួតពិនិត្យ ដល់ទីកន្លែងធនាគារជាតិនៃកម្ពុជា ជាការឆ្លើយតបទៅនឹងកង្វល់របស់លោកប៉ិច សុង អភិបាលស្រុកស្វាយអន្ទរក៏ដូចសិក្ខាកាម ដែលលើកឡើងពីបញ្ហានេះ និងស្វះស្វែងរកការអន្តរាគមន៍ និងរកដំណោះស្រាយដែលសុទ្ធតែជាបញ្ហា ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ពួកគាត់ជួបប្រទះកន្លងមក។
លោកបន្តទៀតថា ដើម្បីបញ្ជៀសពីបំណុលវ័ណ្ឌករ ពីការប្រាក់កម្ចីនោះគប្បីអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីច្បាប់ នៃការខ្ចីប្រាក់ ការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅនិងកាតព្វកិច្ចសងប្រាក់។ ទន្ទឹមនឹងនេះដែរគឺត្រូវសកម្មចូលរួមទប់ស្កាត់ កុំឲ្យប្រជាពលរដ្ឋចាញ់បោកជនខិលខូចឃោសនា។ ដោយឡែកចំពោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវកំណត់គោលនយោបាយឲ្យច្បាស់លាស់ និងដាក់ចេញនូវវិធានការចំពោះមន្ត្រី និងបុគ្គលិករូបណាដែលមិនគោលរពតាមបទបញ្ជាផ្ទៃដែលនាំឲ្យប៉ះពាល់ដល់ប្រតិបត្តិការខ្លួន។






