ដោយ: គង់ លាងហួរ
អន្តរជាតិ: ហានិភ័យចំពោះវិបត្តិសេដ្ឋកិច្ចសកល នៅឆ្នាំ២០២៤នេះ គឺមានកម្រិតទាបជាងឆ្នាំមុន ប៉ុន្តែហានិភ័យអតិផរណានៅតែមានកម្រិតខ្ពស់ ដោយសារតែទិដ្ឋភាពនយោបាយ ដែលមិនអាចទាយទុកជាមុនបាន។
លោក David Solomon នាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចពិភពលោក កំពុងឈានជើងចូលដល់ឆ្នាំ២០២៤ ក្នុងបរិយាកាសមួយ ដែលមានលក្ខណៈស្ថាបនាជាងមុន។ ទោះជាយ៉ាងណាក្តី ការបញ្ជាក់បែបនេះ របស់លោកនាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs ពុំមែនមានន័យថា វិបត្តិសេដ្ឋកិច្ច នឹងគ្មានឱកាសកើតឡើងនោះទេ ។
លោកបានបន្តថា “អតិផរណាពិតជាបានថមថយចុះ ពិតមែន ប៉ុន្តែខ្ញុំនៅតែគិតថា មានបញ្ហាដដែល។ តួយ៉ាង ប្រសិនបើក្រឡេកមើលពីភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលអាចប៉ះពាល់ដល់តម្លៃថាមពល ខ្ញុំគិតថា អតិផរណាអាចនឹងមានភាពតានតឹង ខ្លាំងជាងការគិតរបស់ទីផ្សារនាពេលបច្ចុប្បន្ន”។
យោងតាមនាយកប្រតិបត្តិរូបនេះ គេសង្កេតឃើញមានឱកាសកាន់តែច្រើន ដែលធនាគារកណ្តាលអាមេរិក នៅតែមានភាពប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះអតិផរណា ហើយការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក នឹងរងផលប៉ះពាល់ពីបរិយាកាស នយោបាយដែលកំពុងបន្តកើតមាន។
លោកបានបញ្ជាក់ទៀតថា “ខ្ញុំមិនមានសុទិដ្ឋិនិយមខ្ពស់ដូចអ្នកវិភាគផ្សេងទៀតទេ ដែលយល់ថា ធនាគារកណ្តាលអាមេរិក(Fed) នឹងកាត់បន្ថយអត្រា ការប្រាក់ជាបន្តបន្ទាប់នៅឆ្នាំនេះឡើយ”។លោក បន្ថែមថា “យើងនៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិកពិចារណា រក្សាទុកអត្រាការប្រាក់ឱ្យស្ថិតក្នុងកម្រិតខ្ពស់ដដែល ក្នុងរយៈពេលយូរជាងនេះទៅមុខ”។
លើសពីនេះ លោកបានលើកឡើងថា សកម្មភាពនៃការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុន នៅទូទាំងពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន៕






