ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយមបានលើកឡើងនូវផែនការមួយចំនួន ដើម្បីប្រែក្លាយតំបន់ស្នូលសំខាន់ៗនៃបឹងទន្លេសាបជាតំបន់ស្តុកទឹក និងជាផ្លូវដឹកជញ្ជូនដ៏សំខាន់នាពេលអនាគត។
រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមលោកចាន់ ស៊ីណាត បានមានប្រសាសន៍ឲ្យដឹងថា ក្រសួងនឹងអនុវត្តន៍នូវយុទ្ធសាស្រ្តខាងលើនៅក្នុងតំបន់៣ នៃបឹងទន្លេសាបឱ្យបានលទ្ធផលល្អ ដោយធ្វើការកសាង ប្រព័ន្ធប្រឡាយព្រំខណ្ឌសីមា រវាងតំបន់២ និងតំបន់៣ ដែលជាប្រព័ន្ធប្រឡាយដ៏មានសារសំខាន់ ក្នុងការរក្សាទឹកទុក ក្នុងពេលអាកាសធាតុមានការប្រែប្រួលយ៉ាងខ្លាំង និងធ្វើជាផ្លូវគមនាគមន៍តាមផ្លូវទឹក ប្រកបដោយសក្តានុពលផងដែរ។
លោកបានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីត្រួតពិនិត្យលើការវិវឌ្ឍថ្មីៗ នាពេលបច្ចុប្បន្ននៅក្នុងតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រសុ្រកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីក្រុមការងាររបស់ក្រសួង មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានទាំងអស់។
លោកចាន់ ស៊ីណាតបានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ដើម្បីធ្វើការវាយតម្លៃប្រកបដោយសុក្រឹតភាព និងមានប្រសិទ្ធភាពខ្ពស់ ឈានទៅកសាង និងអនុវត្តនូវយុទ្ធសាស្ត្រពង្រឹង និងពង្រីកការគ្រប់គ្រង និងប្រើប្រាស់វិស័យធនធានទឹក ដ៏សម្បូរបែបរបស់បឹងទន្លេសាប ក្នុងពេលដ៏ខ្លីខាងមុខ ដោយធានាឱ្យបាននូវសន្តិសុខទឹកលើគ្រប់វិស័យសម្រាប់ខេត្តពោធិ៍សាត់ ដែលយ៉ាងហោចណាស់អាចស្រោចស្រពផ្ទៃដី បានទំហំប្រមាណ៣០,០០០ហិកតាបន្ថែមទៀត៕






