សម្តេចធិបតីៈប្រព័ន្ឋរដ្ឋបាលរបស់រដ្ឋមិនផ្អែកលើបុគ្គល តែផ្អែក លើប្រព័ន្ឋការងារ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ច្បាស់ៗថា នៅឆ្នាំ២០២៤នេះ ប្រព័ន្ធរដ្ឋបាលរបស់រដ្ឋ មិនផ្អែកលើបុគ្គលទៀតនោះទេ តែផ្អែកលើប្រព័ន្ធការងា ដោយមិនឱ្យមនុស្សបង្រៀនប្រព័ន្ធការងារនោះទេ។

សម្តេចបញ្ជាក់ថា “ឱ្យប្រព័ន្ធការងារបង្រៀនមនុស្សវិញ ដោយមានស្តង់ដារប្រតិបត្តិមួយ ដែលមានការឯកភាពគ្នាទៅលើច្បាប់ ផ្អែកទៅលើបទដ្ឋានការងារដែលមាននិរន្តរភាព”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបចំយន្តការ និងរបៀបរបបនៃការងារ របស់យន្តការដែលជាសេនាធិការខាងអធិការកិច្ច និងសវនកម្មរបស់រាជរដ្ឋាភិបាល របស់ក្រសួងស្ថាប័ន ព្រោះបើយើងរៀបចំកម្លាំងត្រូវ រៀបចំប្រព័ន្ធការងារ ត្រូវជួយយើងបានច្រើនណាស់ មានតួនាទីភារកិច្ចច្បាស់លាស់ ចែកតំបន់គ្នាច្បាស់លាស់ ប្រទាក់ក្រឡាគ្នាកាន់តែជួយថែមទៀត ការបង្កើតភាពធន់ និងចេរភាពនៃការងារ។

សម្តេចបានបញ្ជាក់ថា “ការបង្កើតភាពធន់ និងចេរភាពនៃការងារ បានន័យថា ពេលដែលយើងបង្កើតការងារហើយ មានការងារច្បាស់​លាស់ហើយ គឺអត់ពឹងទៅលើបុគ្គលទៀតនោះទេ”។ សម្តេចបន្ថែមថា “អត់ពឹងថាទាល់តែប្រធានអធិការកិច្ចមានទម្ងន់ ទើបចូលជាមួយគេចុះ ហើយអ្នកថ្មីមកអត់មានទម្ងន់ចូលអត់ចុះនោះទេ បើយើងដឹងពីតួនាទីភារកិច្ចច្បាស់លាស់ មិនពឹងលើបុគ្គលទៀតនោះទេ ហើយយើងចង់ឱ្យប្រព័ន្ធការងារ យើងអត់ផ្អែកទៅលើ ឥទ្ធិពលបុគ្គលទៀតនោះទេ គឺផ្អែកទៅលើការឯកភាពគ្នាទៅលើប្រព័ន្ធការងារ”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀថា ការធ្វើដូចនេះ គឺមិនឱ្យមនុស្សបង្រៀនប្រព័ន្ធការងារនោះទេ គឺឱ្យប្រព័ន្ធការងារបង្រៀនមនុស្សវិញ គឺមានស្តង់ដារប្រតិបត្តិមួយ ដែលមានការឯកភាពគ្នាទៅលើច្បាប់ ផ្អែកទៅលើបទដ្ឋានការងារដែលមាននិរន្តរភាព ហើយគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអាចនិយា​យភាសារតែមួយ គឺភាសាអធិការកិច្ច យើងអាចយល់គ្នាបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទាំងនេះគឺជានិរន្តរភាពនៃការធ្វើកំណែទម្រង់ ដែលយើងចង់បាន ហើយនៅឆ្នាំ២០២៤នេះសម្តេចសង្ឃឹមថា និងអាចធ្វើបានច្រើន ដែលទាំងនេះគឺជាការងារពង្រឹងរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here