មន្ត្រីជាន់ខ្ពស់អាមេរិកៈការដាំក្បាលចុះនៃវិស័យអចលនទ្រព្យនឹងមិនបង្កហានិភ័យជាប្រព័ន្ធដល់ធនាគារនោះទេ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: វិស័យអចលនទ្រព្យបែបពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក ជាពិសេសផ្នែកការិយាល័យកំពុងដាំក្បាលចុះ ខណៈក្រុមហ៊ុនជាច្រើន បានតម្រូវឱ្យបុគ្គលិកធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការចំណា​យលើការជួលការិយាល័យ។

លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក រំពឹងថា ការដាំក្បាលចុះក្នុងទីផ្សារ អចលនទ្រព្យបែបពាណិជ្ជកម្មនឹងជះផលប៉ះពាល់បន្ថែមទៀតលើធនាគារ  ប៉ុន្តែលោកស្រីជឿជាក់ថា បញ្ហានេះ នឹងមិនបង្កហានិភ័យជាប្រព័ន្ធ ដល់ប្រព័ន្ធធនាគារទាំងមូលនោះទេ។លោកស្រី Yellen បានថ្លែងប្រាប់គណៈកម្មាធិការធនាគារព្រឹទ្ធ​សភាអាមេរិកថា ក្រុមនិយតករកំពុងធ្វើការ ជាមួយធនាគារនានា ដើម្បីដោះស្រាយហានិភ័យ ដែលបណ្តាលមកពីអត្រាការិយាល័យទំនេរនៅក្នុងទីក្រុងធំៗ  និងអត្រាការប្រាក់ខ្ពស់។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា “ខ្ញុំសង្ឃឹម និងជឿជាក់ថា បញ្ហានេះ នឹងមិនបង្កឱ្យមានហានិភ័យជាប្រព័ន្ធ ចំពោះប្រព័ន្ធធនាគារនោះទេ”។ លោកស្រីបន្តថា “ការផ្តល់ឥណទានរបស់ធនាគារធំៗមានកម្រិតទាប ប៉ុន្តែប្រហែលជាមានធនាគារតូចៗ ដែលត្រូវរងផលប៉ះពាល់ខ្លាំងដោយសារស្ថានភាពនេះ”។

យោងតាមទីភ្នាក់ងារវាយតម្លៃ Moody’s Analytics បានឱ្យដឹងថា អត្រាការិយាល័យទំនេរក្នុងសហរដ្ឋអាមេរិក មានការកើនឡើងខ្ពស់ ហើយវាក៏ជាដំណឹងអាក្រក់មួយ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យ ក៏ដូចជាម្ចាស់ដី ព្រមទាំងភោជនីដ្ឋាន ហាងលក់រាយ និងអាជីវកម្មខ្នាតតូចផ្សេងទៀត ដែលពឹងផ្អែកលើបុគ្គលិកការិយាល័យ។

ទោះជាយ៉ាងណាក្តី គេសង្កេតឃើញមានចំណុចវិជ្ជមានមួយចំនួន នៅក្នុងទីផ្សារការិយាល័យអគារថ្មីបំផុត និងទំនើបបំផុតនៅក្នុងទីតាំងល្អ ដែលមានគ្រឿងបរិក្ខារជាច្រើនប្រភេទ ដែលត្រូវបានគេស្គាល់ថាជា ការិយាល័យលំដាប់A នៅតែទទួលបានការចាប់អារម្ម​ណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here