ដោយៈ គង់ ហ្វីអូណា
សៀមរាបៈ ដើម្បីសម្រូលដល់ការធ្វើទិដ្ឋាការ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ រដ្ឋាភិបាលកាណាដាបានបើកការិយាល័យស្ថានកូងស៊ុលរបស់ខ្លួន ប្រចាំខេត្តសៀមរាប ដ៏ល្បីល្បាញរបស់កម្ពុជា។
ពិធីសម្ពោធបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាបនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោកជំទាវ Ping Kithikone ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានការិយាល័យកិច្ចការ នៃការិយាល័យស្ថានទូតកាណាដាប្រចាំកម្ពុជា លោកស្រីលេខា និងជាកុងស៊ុល លោកស្រីប្រធានការិយាល័យកុងស៊ុល ប្រចាំរាជធានីភ្នំពេញ លោកស្រីប្រធានការិយាល័យកុងស៊ុលកត្តិយស ប្រចាំខេត្តសៀមរាប និងក្រុមការងារពាក់ព័ន្ធ។
ការបើកការិយាល័យកុងស៊ុលកាណាដា ក្នុងខេត្តសៀមរាបថ្ងៃនេះ គឺជាការបើកទំព័រថ្មី មួយចំពោះបង្កើនទំនាក់ទំនង របស់ប្រទេសយើងទាំងពីរ តាមរយៈការសហការយ៉ាងល្អ រវាងរដ្ឋបាលខេត្ត សៀមរាប និងការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ក៏ដូចជាការជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
លោកអភិបាលរងខេត្តបានបន្តថា ការកសាងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ដល់កិច្ចអភិវឌ្ឍប្រទេស និងសកលលោក ហើយលោកក៏សូមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះការបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ដែលបានបង្ហាញពីមិត្តភាពដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា។
លោកពិន ប្រាកដ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជន នៃប្រទេសកាណាដា ដែលតែងតែគាំទ្រ រួមចំណែកដល់ការអភិឌ្ឍមាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់៕