ដោយៈ គង់ លាងហួរ
អន្តរជាតិ: តម្លៃការិយាល័យនៅតាមប្រទេសនីមួយៗ សុទ្ធតែខុសផ្សេងៗពីគ្នា អាស្រ័យទៅលើទីតាំងភូមិសាស្ត្រ និងប្រភេទអគារ។ខាងក្រោមនេះគឺជាតម្លៃជួលការិយាល័យ នៅក្នុងទីក្រុងធំៗរបស់ប្រទេសថៃ និងប្រទេសវៀតណាម។
ទី១: ទីក្រុងបាងកក ប្រទេសថៃ
ថៃគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ ប្រទេសថៃ ក៏មានទីតាំងអំណោយផល ដែលក្រុមហ៊ុនបរទេសជាច្រើន ចូលមកបណ្តាក់ទុនវិនិយោគផងដែរ។
កាលពីឆ្នាំ២០២៣កន្លងទៅ ថៃទាក់ទាញលំហូរFDI បានប្រមាណ២៤ពាន់លានដុល្លារ។ នៅពេលដែលជនបរទេស ចូលមកបណ្តាក់ទុន ច្បាស់ណាស់ថា ពួកគេនឹងស្វែងរកការិយាល័យធ្វើការ ហើយបើយើងក្រឡេកមកមើល អំពីតម្លៃជួលការិយាល័យ នៅរាជធានីមួយនេះវិញ ក៏មិនសូវថោកប៉ុន្មានដែរ។
តួយ៉ាងការិយាល័យលំដាប់ A នៅក្នុងរាជធានីបាងកក មានតម្លៃជួលប្រចាំខែ ជាមធ្យមចំនួន៣២,៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលអាស្រ័យលើទីតាំង និងគម្រោងអភិវឌ្ឍន៍។ចំណែក ការិយាល័យលំដាប់B នៅក្នុងរាជធានីបាងកក មានតម្លៃជួលប្រចាំខែ ជាមធ្យមចំនួន២៣,៤២ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែល ការិយាល័យលំដាប់C មានតម្លៃជួលប្រចាំខែជាមធ្យមចំនួន១៤,២៦ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ទី២: ទីក្រុងហាណូយ ប្រទេសវៀតណាម
ទីក្រុងហាណូយ គឺជាឈ្មោះរដ្ឋធានីនៃប្រទេសវៀតណាម និងមានប្រជាជនរស់នៅប្រមាណ៥,២៥លាននាក់។ ទីក្រុងហាណូយ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ នៅក្នុងប្រទេសវៀតណាម និងជាមេដែកស្រូបទាញ អ្នកវិនិយោគមកពីជុំវិញពិភពលោក។
យោងតាមរបាយការណ៍ថ្មីៗនេះបានបង្ហាញថា កាលពីខែមករា វិស័យអចលនទ្រព្យ គឺជាប្រភពចម្បងទី១ ដែលទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) បានច្រើនជាងគេចូលមកកាន់ប្រទេសវៀតណាម។
បើក្រឡេកមកមើល តម្លៃជួលការិយាល័យ នៅក្នុងទីក្រុងមួយនេះវិញ ក៏មានតម្លៃគួរឱ្យចាប់អារម្មណ៍ផងដែរ ខណៈតម្លៃទាំងនោះអាចប្រែប្រួលអាស្រ័យទៅលើទីតាំង និងប្រភេទអគារ។
តួយ៉ាង ការិយាល័យលំដាប់A នៅក្នុងរដ្ឋធានីហាណូយ មានតម្លៃជួលប្រចាំខែ ជាមធ្យមចំនួន២៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈការិយាល័យលំដាប់B មានតម្លៃជួលប្រចាំខែជាមធ្យមចំនួន១៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕