ដោយៈ គង់ សូរិយា
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា (CCC) បានអះអាងថា នឹងពង្រីកការបង្កើតការិយាល័យតំណាងរបស់ខ្លួន នៅតាមបណ្តារាជធានី ខេត្ត២៥នៅទូទាំងប្រទេស។
ជាមួយគ្នានេះ សភាពាណិជ្ជកម្ពុជា នឹងពង្រីកការិយាល័យនៅតាមបណ្តាប្រទេសនានាបន្ថែមទៀត នៅលើពិភពលោក ដើម្បីចូលរួមចំណែក ក្នុងការផ្តល់ព័ត៌មាន និងទាក់ទាញវិនិយោគពីបរទេសមកកម្ពុជា។
អនុប្រធានសភាពាណិជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៣ កុម្ភៈ ថា ក្នុងជំនួបរវាងប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ទៅកាន់ក្រសួងពាណិជ្ជកម្ម ដោយជួបជាមួយលោកជំទាវ ចម និម្មល កាលពីថ្ងៃទី១២ កន្លងមកដើម្បីបង្ហាញជំនួបនេះ គឺជាភាពជាដៃគូរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដែលជាអាណាព្យាបាល ដោយខាងសភា បានដាក់ចេញផែនការយុទ្ធសាស្ត្រ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤នេះ ដើម្បីពង្រីកកិច្ចប្រតិបត្តិការទាំងក្នុងប្រទេស និងក្រៅប្រទេស។ អ្នកឧកញ៉ាបានបញ្ជាក់ថា “ទិសដៅរបស់យើងក្នុងឆ្នាំ២០២៤ នេះ យើងនឹងពង្រីកការិយាល័យតំណាងសភាពាណិជ្ជកម្មឱ្យបាន២៥ រាជធានី ខេត្ត”។ លោកបន្តថា “ជាមួយគ្នានេះដែរ យើងក៏នឹងពង្រីកការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេសនានាផងដែរ”។
លើសពីនេះសភា ក៏នឹងរៀបចំវេទិកាធុរកិច្ចផ្សេងៗ ជាពិសេសក្នុងពេលអមដំណើរ លោកនាយករដ្ឋមន្ត្រី ទៅក្រៅប្រទេសនានា ដើម្បីឱ្យមានជំនួបធុរកិច្ច និងកិច្ចប្រជុំធុរកិច្ចផ្សេងៗ”។
អ្នកឧកញ៉ាលឹម ហេងបានបន្តថា ជាមួយគ្នានោះដែរ យើងនឹងប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតច្បាប់ពាណិជ្ជកម្មផ្សេងៗជាដើម។ យើងដឹងស្រាប់ហើយថា សភាពាណិជ្ជកម្មកម្ពុជាគឺជាគ្រឹះស្ថានសាធារណរបស់រដ្ឋ ដែលតំណាងឱ្យវិស័យឯកជនតែមួយគត់នៅកម្ពុជា ដោយយើងមានកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន យើងមានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងអាស៊ានបូកអាមេរិក ជប៉ុន កាណាដា ចិន និងអូស្ត្រាលីជាដើម។
កាលពីខែឧសភា ឆ្នាំ២០២៣ CCC បានបើកការិយាល័យតំណាងចំនួន២ នៅប្រទេសអូស្ត្រាលី គឺនៅទីក្រុងមែលប៊ន និងនៅស៊ីដនី។លើសពីនេះ នាពេលកន្លងមក CCC ក៏បានបើកការិយាល័យ តំណាងរបស់ខ្លួន នៅប្រទេសកាណាដា សហរដ្ឋអាមេរិក និងប្រទេសជប៉ុនផងដែរ៕