រដ្ឋមន្រ្តីពីររូបសន្យាធ្វើការរូមគ្នាដើម្បីកែលំអរសោភ័ណភាព រាជធានីភ្នំពេញ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋមន្រ្តីពីររូបបានសន្យាធ្វើការរួមគ្នា ក្នុងការកែលំអរសោភ័ណភាពរាជធានីភ្នំពេញ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចដឹកនាំរបស់លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចប្រជុំបានរៀបចំនៅទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ឋជាច្រើន។ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងតាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការធ្វើបទបង្ហាញ អំពីគម្រោងសិក្សាមួយចំនួន លើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា ការសិក្សាលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងរាជធានីភ្នំពេញនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីកែប្រែមុខមាត់រាជធានីរបស់យើង ឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុខភាព ក្នុងការរស់នៅ បង្កភាពងាយស្រួល ក្នុងការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញការវិនិយោគ។

លោកបន្តថា “អ្វីដែលត្រូវផ្តោត គឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅ របស់ប្រជាពលរដ្ឋក្នុងរាជធានី កាន់តែមានភាពប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត ស្របទៅតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ដែលមានបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់”។

លោកសាយ សំអាល់បានបន្ថែមថា ប្រសិនបើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ សម្រេចទៅបានតាមផែនការដែលគ្រោងទុក នោះរំពឹងថានឹងធ្វើឱ្យប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ មានមោទកភាព ប្រាប់ទៅកាន់ពិភពលោកថា “យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ រាជធានីដ៏ស្រស់បំព្រង នៃព្រះរាជាណាចក្រកម្ពុជា”។

ទន្ទឹមនឹងនេះ លោកប៉េង ពោធ៍នា ​តាងនាមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូ​ន ក៏បានបង្ហាញនូវឆន្ទៈ និងគោលជំហរយ៉ាងមុតមាំ ក្នុងការចូលរួមពួតដៃជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងស្មារតី ដើម្បីរុញច្រានគម្រោងការងារនេះឱ្យលេចរូបរាងឡើង សំដៅធ្វើឱ្យភ្នំពេញ ក្លាយជារាជធានីដែលមានភាពទាក់ទាញ និងប្រកបដោយមោទកភាពជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here