ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការកសាងមូលដ្ឋាន និងរចនាសម្ព័ន្ឋសេដ្ឋកិច្ចរ៉ឹងមាំពីរដ្ឋាភិបាល នឹងជួយលើកស្ទួយវិស័យអចលនទ្រព្យ និងសំណង់នាពេលអនាគត។
អ្នកវិភាគទីផ្សារអចលនទ្រព្យ លោកប៉ូ អ៊ាវគង់ប្រធានក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១៤ កុម្ភៈថា ការយកចិត្តទុកដាក់របស់រដ្ឋាភិបាល លើការកសាងភាពធន់ផ្នែកសេដ្ឋកិច្ច ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ឋ ការលើកលែងពន្ឋ និងពន្យាការបង់ពន្ឋលើទិដ្ឋភាពមួយចំនួន និងការគៀងគរទុនក្នុងស្រុក នឹងជម្រុញសេដ្ឋកិច្ចមានកំណើនប្រកបដោយនិរន្តរភាព។លោកបន្តថា “ការផ្តល់មូលដ្ឋានច្បាប់ បទដ្ឋានគតិយុត្តិនានា ដូចជាការកាត់បន្ថយការិយាធិបតេយ្យ ការបណ្តុះបណ្តាលធនធានមនុស្ស ដល់យុវជន១,៥នាក់ ច្បាប់វិនិយោគថ្មី និងយន្តការលើកទឹកចិត្តជាច្រើន នឹងជួយឲ្យសេដ្ឋកិច្ចមានភាពរ៉ឹងមាំ”។
លោកបន្តថា លើសពីនេះ រដ្ឋាភិបាលបាននិងកំពុងទាក់ទាញការវិនិយោគពីបរទេស និងការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសជាច្រើនទៀត ដែលនេះសុទ្ឋតែជាមូលដ្ឋានជួយបង្កើនលំហូរពាណិជ្ជកម្មរបស់កម្ពុជាបន្ថែមទៀត ប៉ុន្តែគោលនយោបាយដាក់ចេញថ្មីៗ មិនបានផ្តល់ផលត្រលប់ភ្លាមៗនោះទេ វាត្រូវការពេលវេលាបន្ថែមទៀត។កម្ពុជាបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មឋសេរីជាមួយចិន ជាមួយប្រទេសកូរ៉េ និងបានចូលជាសមាជិកដៃគូពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលត្រូវបានអ្នកជំនាញ និងអ្នកវិភាគនានាបានមើលឃើញភាពវិជ្ជមាន និងកម្ពុជាអាចក្តោបបាននូវកាលានុវត្តន៍ភាពទាំងនោះ។
លោកប៉ូ អ៊ាវគង់បានបន្តថា វិស័យពាក់ព័ន្ឋជាច្រើន គឺជាសរសរគ្រឹះ ដែលនឹងគាំទ្រវិស័យសំណង់ និងអចលនទ្រព្យឲ្យមានសន្ទុះនៅឆ្នាំបន្តបន្ទាប់នាពេលខាងមុខ ប៉ុន្តែជាមួយគ្នានេះ វាទាមទារឲ្យមានការកែប្រែនូវចំណុចមួយចំនួន សម្រាប់ទស្សនវិស័យរយៈពេលវែង ហើយការដាក់បញ្ចេញលំហូរសាច់ប្រាក់នានា នឹងមិនអាចដោះស្រាយបានប្រកបដោយនិរន្តរភាពផងដែរ។
លោកបន្តថា ជាមួយគ្នានេះ ម្ចាស់អចលនទ្រព្យនានា ត្រូវទទួលស្គាល់ការពិតថា វាមិនមានបញ្ហាតែកម្ពុជាទេ ប៉ុន្តែបញ្ហាទាំងនោះបានកើតមាននៅតាមបណ្តាប្រទេសនានា នៅលើពិភពលោកផងដែរ ដែលទាមទារឲ្យម្ចាស់អចលនទ្រព្យទទួលយកការពិត និងដោះស្រាយវាតាមស្ថានភាព ព្រោះក្នុងអាជីវកម្មនានា តែងតែមានពេលឡើងនិងចុះ ហើយតម្លៃត្រូវទទួលយកការពិត បើមិនដូច្នេះផលប៉ះពាល់ នឹងបន្តអូសបន្លាយបន្តទៀត។
លោកប៉ូ អ៊ាវគង់បានបញ្ជាក់ថា “ការងារទិញលក់ ត្រូវធ្វើឲ្យស្របតាមឥរិយាបទទីផ្សារ ដែលបើឡើងគឺត្រូវឡើង បើទីផ្សារចុះ ត្រូវលក់ចុះតាមទីផ្សារ បើមិនដូច្នេះវានឹងធ្វើឲ្យទីផ្សារ មានសភាពប្រទាញប្រទង់គ្នា”៕