ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការពន្យាពេលគំរោងសាងសង់ អាគារកប់ពពកនៅរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងពីវិបត្តិសេដ្ឋកិច្ច ដែលធ្វើឲ្យទីផ្សារមានសភាពរង្គោះរង្គើរ ស្របពេលនិន្នាការទិញលក់បានធ្លាក់ចុះ។
តើគម្រោងណាខ្លះបានពន្យាពេលសាងសង់ គិតចាប់តាំងពីវិបត្តិជំងឺកូវីដ១៩ ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០២០ រហូតមកទល់ពេលនេះ។
1 Gold Tower42ជាន់
វាជាLand Markដំបូងគេសម្រាប់រាជធានីភ្នំពេញ ប៉ុន្តែជាអកុសលគំរោងនេះ បានជាប់គាំងអស់រយៈពេលជាង១ទសវត្សរ៍ បើទោះបីជាមានក្រុមហ៊ុនចិនថ្មីមួយបានចូលរួមសហការ និងសាងសង់ក្តី ប៉ុន្តែការពន្យាពេលម្តងហើយម្តងទៀត បានធ្វើឲ្យអ្នកគ្រប់គ្នាអស់សង្ឃឹម។
គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនយក្សកូរ៉េខាងត្បូងឈ្មោះYUNWOO ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ៣០០លានដុល្លារអាមេរិក។
2 គំរោងThai Boon Rong Twin Tower
វានឹងជាមោទកភាពសម្រាប់កម្ពុជា ប្រសិនជាគម្រោងអាគារភ្លោះខ្ពស់ជាងគេ លើពិភពលោកនេះលេចឡើង (បើគិតតែអាគារភ្លោះ)ប៉ុន្តែជាងមួយទសវត្សរ៍ហើយ ដែលគំរោងនេះមិនបានសាងសង់ ក្រៅតែពីការបញ្ចប់ការធ្វើតេស្តដី និងការសាងសង់ជញ្ជាំងទប់ដី និងការព័ទ្ឋតរបងទុក។អាគារពាណិជ្ជកម្មភ្លោះ លំដាប់ពិភពលោកនេះ គ្រោងចំណាយទុនសាងសង់ប្រមាណ៣០០០លានដុល្លារអាមេរិក ដែលមានកំពស់១៣៣ជាន់ ស្មើនឹងកំពស់៥៦៨ម៉ែត្រ។
ទោះជាយ៉ាងណា លោកសាស្រ្តាចារ្យទួស សាភឿនប្រធានក្រុមស្ថាបត្យកម្មគូសប្លង់អាគារនេះ បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ការសាងសង់អាគារនេះ នឹងចាប់ផ្តើមនៅពេលខាងមុខ ដោយក្រុមហ៊ុនមិនបោះបង់ចោលគំរោងនេះទេ ព្រោះបច្ចុប្បន្នដែករាប់រយតោន ដែលអាចធន់នឹងច្រេះ ដែលមានរ៉េស៊ីស្តង់ខ្ពស់ បានដឹកមកទុកស្តុកនៅឃ្លាំងរបស់ក្រុមហ៊ុនរួចហើយ។
3 អាគារNaga Worldទី៣
គំរោងសាងសង់អាគារកប់ពពក ដែលស្ថិតនៅតំបន់បូឌីញចាស់ ដែលក្រុមហ៊ុនNaga Corpអះអាងថា នឹងជាអាគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ ប៉ុន្តែការបញ្ចប់អាគារនេះទាំងមូល នឹងពន្យាពេលរហូតដល់ឆ្នាំ២០២៩ខាងមុខ។ម្ចាស់ក្រុមហ៊ុនNaga Corp បានក្លាយជាមហាសេដ្ឋីលំដាប់កំពូលម្នាក់ ដោយសារមួយផ្នែកទទួលបានអាជ្ញាប័ណ្ណ កាស៊ីណូផ្តាច់មុខតែមួយនៅរាជធានីភ្នំពេញ។
តាមផែនការក្រុមហ៊ុនNaga Corpគ្រោងបោះទុនវិនិយោគប្រមាណ៣០០០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជ លំនៅដ្ឋានចម្រុះ ដែលរួមមានសណ្ឋាគារប្រណីត កាស៊ីណូលំដាប់ផ្កាយ៥ ខុនដូ អាផាតម៉ិន និងមជ្ឈមណ្ឌលកំសាន្តលំដាប់ពិភពលោកដំបូងគេនៅរាជធានីភ្នំពេញ។
4 The Mesong
គំរោងខុនដូប្រណីតខ្ពស់ជាងគេ ដែលមានទីតាំងនៅទីក្រុងកោះពេជ្រ ដែលគ្រោងសាងសង់កំពស់៧១ជាន់ ក៏បានផ្អាកការសាងសង់ផងដែរ បន្ទាប់ពីក្រុមហ៊ុនបានមានជម្លោះ ជាមួយក្រុមហ៊ុនសាងសង់គ្រឹះរបស់អាគារនេះ។គំរោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនWonder Capital ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។នៅពេលសាងសង់បញ្ចប់ Mesong Tower គឺជាគម្រោងសាងសង់អគារខ្ពស់ ក្នុងចំណោមអាគារខ្ពស់ៗនៅកម្ពុជា ដែលមានកម្ពស់២៥២ម៉ែត្រ ដោយស្មើនឹង៧១ជាន់។
ទោះជាយ៉ាងណា មានព័ត៌មានល្អពីគំរោងនេះ កាលពីពេលថ្មីៗនេះ ដោយសមាជិកម្នាក់មកពីគ្រួសារមហាសេដ្ឋី នៅប្រទេសថៃកំពុងចាប់ដៃគូ ជាមួយក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Wonder Capital Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដើម្បីបោះទុនវិនិយោគលើទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីអាគ្នេយ៍។
5 Sunwah Peal
បន្ទាប់ពីពន្យាពេលអស់រយៈពេលជាច្រើនទសវត្សរ៍ ទីបំផុតក្រុមហ៊ុនSUNWAH បានសម្រេចចិត្តសាងសង់អាគារSUNWAH Peal ដែលមានទីតាំង ស្ថិតនៅទល់មុខនឹងNaga World1 ប៉ុន្តែនៅទីបំផុតគំរោងនេះ បានពន្យាពេលសាងសង់ជាថ្មី បន្ទាប់ពីបានចាប់ផ្តើមសកម្មភាពខួងគ្រឹះមួយរយៈខ្លី។
SUNWAH Peal គ្រោងចំណាយទុនវិនិយោគ ប្រមាណ១៥០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម កំពស់៤៥ជាន់ ស្មើនឹងកំពស់ជាង២០០ម៉ែត្ររបស់ខ្លួន។
6 SINO Plaza
អគារពាណិជ្ជកម្មចម្រុះរួមមាន ការិយាល័យ និងខុនដូ មជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិ ទល់មុខផ្សារបឹងត្របែក ដែលមានឈ្មោះថាSino PLaza ត្រូវបានជាប់គាំងមិនមានសកម្មភាពសាងសងបន្តទៀតឡើយ អស់រយៈពេលជាច្រើនឆ្នាំមកនេះ។គម្រោងនេះចាប់ផ្តើមសាងសង់ កាលពីដើមឆ្នាំ២០១៥ ហើយផែនការរបស់ក្រុមហ៊ុន គ្រោងនឹងបញ្ចប់គម្រោងនេះនៅឆ្នាំ២០១៨ ។
គម្រោង Sino Plaza Sino Plaza ដែលមានចំនួន៤អាគារ ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ ជិតផ្សារបឹងត្របែកផ្លាហ្សា ក្នុងភូមិសាស្ត្រ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
SINO Plaza មានអគារសរុបចំនួន៤ ក្នុងនោះអគារអាផាតម៉ិន៤២ជាន់ចំនួន២ អគារអាគារ៣៦ជាន់ចំនួន១ សម្រាប់ប្រើប្រាស់ជាសណ្ឋាគារផ្កាយប្រាំ និងរោងភាពយន្ត និងអគារកំពស់៤៣ជាន់១ ដែលនឹងប្រើប្រាស់សម្រាប់ ការិយាល័យ និងខុនដូ៕