ទីក្រុងសេអ៊ូលគ្រោងសាងសង់តំបន់ពាណិជ្ជកម្មលំដាប់ពិភពលោកជាមួយកំពស់រហូតដល់១០០ជាន់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋបាលក្រុងសេអ៊ូល បានបង្ហាញផែនការមួយ ដើម្បីប្រែក្លាយឃ្លាំងថែរទាំរថភ្លើង ដែលគេបោះបង់ចោលនៅកណ្តាលទីក្រុង Yongsan ទៅជាតំបន់ពាណិជ្ជកម្មអន្តរជាតិ ដោយមានការសាងសង់អគារខ្ពស់កប់ពពកកម្ពស់រហូតដល់១០០ជាន់។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ ទី៥ ខែកុម្ភៈ អភិបា​លក្រុងសេអ៊ូល លោក Oh Se-hoon បានថ្លែងថា រដ្ឋបាលនឹងប្រែក្លាយតំបន់ដី ដែលមិនបានប្រើប្រាស់នៅជិតស្ថានីយ៍ Yongsan ទៅជា “សង្កាត់ពាណិជ្ជកម្មអន្តរជាតិ ជាមជ្ឈមណ្ឌលថ្មីសម្រាប់ការប្រកួតប្រជែងទីក្រុងសកល និងការច្នៃប្រឌិតបច្ចេកវិទ្យា”។

នៅក្រោមផែនការនេះ រដ្ឋបាលទីក្រុងសេអ៊ូល គ្រោងនឹងអភិវឌ្ឍផ្ទៃដីប្រហែល៥០០.០០០ម៉ែត្រការ៉េ ទៅជាទីក្រុង “បញ្ឈរ” ដ៏ធំបំផុតរបស់ពិភពលោក និងមានទីធ្លាបៃតងដ៏ធំទូលាយ។

លោក Oh បានសង្កត់ធ្ងន់ថា “ក្នុងចំណោមទីក្រុងធំៗរបស់ពិភពលោក ពុំមានផែនការអភិវឌ្ឍណាដែលមានទំហំធំបែបនេះទេ ។  សង្កា​​ត់អន្តរជាតិថ្មីនេះ នឹងមានទំហំប្រហែល៤,៤ដងនៃសង្កាត់ពាណិជ្ជកម្ម Hudson Yards របស់ទីក្រុងញូវយ៉ក”។

គម្រោងខ្នាតធំនេះ គ្រោងនឹងសាងសង់ឡើង នៅឆ្នាំ២០៣០ ដូច្នេះអាជីវកម្មនានា នឹងអាចចាប់ផ្តើមផ្លាស់ទៅក្នុងសង្កាត់ពាណិជ្ជកម្មអន្តរជាតិថ្មីនេះ នៅដើមទសវត្សរ៍ឆ្នាំ២០៣០ខាងមុខ។

សង្កាត់នេះនឹងរួមមាន ការសាងសង់អគារកំពស់១០០ជាន់ ដោយមានកន្លែងកម្សាន្តនៅជាន់ខាងលើ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជា កន្លែងសង្កេតមើលផ្កាយ និងកន្លែងជិះកម្សាន្តជាដើម។ នៅជាន់ក្រោមដីនៃសង្កាត់នេះ នឹងរៀបចំសាលប្រគុំតន្ត្រី បណ្ណាល័យ និងសារមន្ទីរសិល្បៈ។

យោងតាមលោកOh Se-hoon បានឱ្យដឹងទៀតថា ផ្ទៃដីសរុបចំនួន៥០០.០០០ម៉ែត្រការ៉េនេះ នឹងត្រូវបានគ្របដណ្តប់ដោយទីធ្លាបៃតង ខណៈដែលផ្លូវថ្នល់ត្រូវបានផ្លាស់ប្តូរទៅផ្លូវក្រោមដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here