ទីផ្សារគ្រឿងអលង្ការធ្វើអំពីមាសរបស់ប្រទេសចិនកំពុងទទួលចំណាប់អារម្មណ៍ខ្លាំងពីយុវជនចិនក្មេងៗ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារគ្រឿងអលង្ការ ដែលធ្វើអំពីមាសរបស់ប្រទេសចិនកំពុងលេចត្រដែតឡើង ខណៈដែលការរចនាឌីហ្សាញ ដែលមានលក្ខណៈបែបវប្បធម៌ បានទាក់ទាញចំណាប់អារម្មណ៍ ពីអតិថិជនវ័យក្មេងមួយចំនួនធំ។

លោក Hazel Wu ដែលជានិស្សិតអាយុ២៣ឆ្នាំ សិក្សានៅទីក្រុងសៀងហៃ ថ្មីៗនេះបានទិញចិញ្ចៀនមាសមួយវង់ ដើម្បីពាក់ស្វែងរកលាភសំណាងល្អ នៅក្នុងឆ្នាំ២០២៤នេះ ដែលត្រូវជាឆ្នាំនាគ។

ជនជាតិចិនជាច្រើនជឿជាក់ថា ពួកគេអាចប្រឈមមុខនឹងបញ្ហា ឬជួបសំណាងអាក្រក់ក្នុងកំឡុងឆ្នាំ ដែលត្រូវនឹងសញ្ញារាសីចក្រដែលពួកគេកើត ឬនិយាយឱ្យងាយយល់គឺជាន់ឆ្នាំ។

ដូច្នេះ អ្នកដែលកើតក្នុងឆ្នាំនាគ ដូចជា លោក Wu ជឿថា ខ្លួនអាចប្រឈម នឹងហានិភ័យនៃវិបត្តិហិរញ្ញវត្ថុ ឬបញ្ហាសុខភាព។  ទោះយ៉ាងណាក្តីជនជាតិចិនមានជំនឿថា គេអាចទប់ស្កាត់សំណាងអាក្រ ក់ទាំងនេះ តាមរយៈការពាក់ ឬកាន់វត្ថុស័ក្តិសិទ្ធិ។

ប៉ុន្តែជំនឿពុំមែនជាហេតុផលតែមួយមុខ ដែលនាំឱ្យលោក Wu សម្រេចចិត្តទិញចិញ្ចៀនមាសមកពាក់នោះទេ។

លោកបញ្ជាក់ថា “ខ្ញុំក៏ទិញចិញ្ចៀននេះទុក ក្នុងគោលបំណងវិនិយោគផងដែរ”។លោកបន្ថែមថា “បច្ចុប្បន្ននេះ ការ​រចនា​គ្រឿងអលង្កា​រ មាន​ភាព​ស្រស់​ស្អាត​កាន់​តែ​ខ្លាំង​ ដូចជាការឆ្លាក់រូបនាគ អក្សរ ឬរូបភាពផ្សេងៗនៅលើគ្រឿងអលង្ការ ដែលតំណាងឱ្យវប្បធម៌របស់ជនជាតិចិន ឬហៅថា guochao”។កំណើននិន្នាការ guochao ឬ “China chic” ដែលតំណាងឱ្យអត្តសញ្ញាណវប្បធម៌ចិន គួបផ្សំនឹងការកើនឡើងនៃតម្លៃមាស បានបង្កើតឱកាសទីផ្សារដ៏ធំ នៅក្នុងទីផ្សារគ្រឿងអលង្ការមាសរបស់ប្រទេសចិន ដែលមានតម្លៃ៥៧ពាន់លានដុល្លារនៅឆ្នាំ២០២២។ នេះបើយោងតាមសមាគមពាណិជ្ជកម្មត្បូង និងគ្រឿងអលង្ការនៃប្រទេសចិន។

ទីផ្សារគ្រឿងអលង្ការធ្វើពីមាស នៅប្រទេសចិន បានកើនឡើងប្រហែល១២ភាគរយ បើធៀបនឹងកម្រិតមុនជំងឺរាតត្បាត នៅឆ្នាំ២០១៩ និងកើនឡើង៦៦ភាគរយ បើធៀបនឹងឆ្នាំ២០១២។លោក Kent Wong នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនគ្រឿងអលង្ការ Chow Tai Fook បានលើកឡើងថា “យុវជនមានចំណាប់អារម្មណ៍កាន់តែខ្លាំង ទៅនឹងវប្បធម៌ចិន ហើយយុវជនកំពុងស្វែងរកបទពិសោធន៍ ពីទិដ្ឋភាពវប្បធម៌ផ្សេងៗគ្នា ដោយសារពួកគេកាន់តែមានទំនុកចិត្តលើវប្បធម៌ចិន” ។

លោកបន្ថែមថា “ដូច្នេះគ្រឿងអលង្ការមាស ជាពិសេសគ្រឿងអលង្ការ ដែលមានការច្នៃប្រឌិតផ្នែកវប្បធម៌ មានការពេញនិយមជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”៕ប្រភព៖SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here