ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនសាជីវកម្មមូលបត្រ VNDirect បានអះអាងថា ឧបសគ្គដ៏ធំបំផុតចំនួន៣ ដែលរាំងស្ទះដល់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យវៀតណាម កំពុងរលាយបាត់ទៅវិញបន្តិចម្តងៗ។
ឧបសគ្គទាំង៣នោះ រួមមានដូចជា វិបត្តិសាច់ប្រាក់ បញ្ហាផ្លូវច្បាប់ និងការផ្គត់ផ្គង់។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន VNexpress។
យោងតាមរបាយការណ៍ស្តីពី ទស្សនវិស័យវិនិយោគក្នុងខែកុម្ភៈ របស់ក្រុមហ៊ុនខាងលើ បានបញ្ជាក់ថា ទីផ្សារអចលនទ្រព្យវៀតណាម អាចនឹងចាប់ផ្តើមស្ទុះងើបឡើងវិញ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ទន្ទឹមនឹងនេះ អត្រាការប្រាក់លើប្រាក់កម្ចី ជាមធ្យមបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ប្រហែល១១%ប៉ុណ្ណោះ ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុតពីមុន ក្នុងរង្វង់ពី១៣% ទៅ១៤% ។
របាយការណ៍បន្តថា ប្រាក់ចំណេញរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ អាចនឹងងើបឡើងវិញនៅត្រីមាសខាងមុខ។ អ្នកអភិវឌ្ឍន៍បានរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុ របស់ពួកគេឡើងវិញយ៉ាងសកម្ម ក្នុងឆ្នាំ២០២៣ ដោយទិញមូលបត្របំណុលត្រឡប់មកវិញ មុនកាលកំណត់(maturity)។
បន្ទាប់ពីជួបប្រទះភាពចលាចល អស់មួយរយៈពេលរួចមក ក្រុមហ៊ុន ក៏បានកែប្រែយុទ្ធសាស្ត្រអាជីវកម្ម របស់ពួកគេឱ្យកាន់តែមានការប្រុងប្រយ័ត្ន ដោយសហការជាមួយដៃគូល្បីៗ ដើម្បីកាត់បន្ថយហានិភ័យ នៅពេលអភិវឌ្ឍគម្រោង។
ចំណែក កង្វះនៃការផ្គត់ផ្គង់ នៅតែជាបញ្ហាប្រឈមដ៏លំបាកសម្រាប់ទីផ្សារលំនៅដ្ឋាន ក្នុងប្រទេសវៀតណាម ជាពិសេសកង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋានដែលមានតម្លៃមធ្យម។
ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនជឿជាក់ថា “ទីផ្សារអចលនទ្រព្យលំនៅដ្ឋាននៅប្រទេសវៀតណាម បានឆ្លងកាត់ផុតដំណាក់កាលដ៏លំបាកបំផុត ហើយនឹងបង្ហាញពីសញ្ញា នៃការងើបឡើងវិញកាន់តែច្បាស់ ចាប់ពីឆមាសទីពីរនៃឆ្នាំនេះ”។
ក្រុមហ៊ុន VNDirectបានបន្ថែមថា “រដ្ឋាភិបាលបានខិតខំដោះស្រាយបញ្ហារាំងស្ទះធំៗចំនួន៣ គឺបញ្ហាដើមទុន ឬវិបត្តិសាច់ប្រាក់ បញ្ហាច្បាប់ និងការផ្គត់ផ្គង់មិនប្រក្រតី នៅក្នុងឆ្នាំ២០២៣ ហើយលទ្ធផលវិជ្ជមានមួយចំនួនបានលេចចេញមក។
លោកបន្តថា “ប៉ុន្តែរដ្ឋាភិបាល ត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីជំរុញតម្រូវការ និងទំនុកចិត្តទីផ្សារ”៕ប្រភព៖Vnexpress៕