តើអចលនទ្រព្យផ្នែកណាខ្លះនៅប្រទេសថៃ ដែលនឹងបង្ហាញនិន្នាការវិជ្ជមាន ក្នុងឆ្នាំ២០២៤នេះ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្របពេលដែលវិស័យអចលនទ្រព្យ នៅក្នុងប្រទេសថៃកំពុងមានស្ថានភាពល្អប្រសើរឡើងវិញ ប៉ុន្តែអ្នកជំនាញបានបញ្ជា ក់ថា ផ្នែកអចលនទ្រព្យខ្លះ នឹងនៅតែបន្តធ្លាក់ចុះ ដែលបណ្តាលមកពីកត្តាធំៗមួយចំនួន។

យោងតាមការព្យាករណ៍ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Thailand បានឱ្យដឹងថា វិស័យអចលនទ្រព្យឧស្សាហកម្ម និងសណ្ឋាគារនៅប្រទេសថៃ នឹងបន្តកើនឡើង ខណៈទីផ្សារខុនដូនឹងបន្តធ្លាក់ចុះ ដោយសារច្បាប់តឹងរ៉ឹង សម្រាប់ការខ្ចីប្រាក់ពីធនាគារ។

លោក Marcus Burtenshaw នាយកប្រតិបត្តិក្រុមហ៊ុន Knight Frank Thailand បានលើកឡើងថា កំណើននៃវិស័យឧស្សាហកម្មត្រូវបានជំរុញជាចម្បង ដោយការកើនឡើង នៃឧស្សាហកម្មរថយន្តអគ្គិសនី (EV) ។ លោកបន្តថា “មជ្ឈមណ្ឌលទិន្នន័យ អាហារ គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មគ្រឿងអគ្គិសនី បានទាក់ទាញការវិនិយោគពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់”។
គិតត្រឹមដំណាច់ឆ្នាំ២០២៣ ការលក់ដីឧស្សាហកម្មនៅប្រទេសថៃ មានចំនួន សរុប៨.៨៦៧រ៉ៃ(ប្រហែល១.៤១៩ហិកតា) ដោយកើនឡើងជិតទ្វេរដង បើធៀបនឹងចំនួនដីដែលបានលក់ក្នុងឆ្នាំ២០២២។

លោក Burtenshaw បានបញ្ជាក់ថា “ប្រទេសថៃលែងជាមូលដ្ឋានផលិតកម្ម ដែលមានតម្លៃទាបទៀតហើយ ដូច្នេះយើងត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់យើង ដើម្បីប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងសំខាន់ៗ ដូចជា ប្រទេសវៀតណាម និងម៉ាឡេស៊ីជាដើម”។ ជាមួយគ្នានេះ លោកបានស្នើឱ្យរដ្ឋាភិបាលថៃ បង្កើតគោលនយោបាយទាក់ទាញវិនិយោគិន និងផ្តោតលើគុណភាព សេវាកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានតម្លៃបន្ថែម។

លោក Carlos Martinez នាយកផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់ក្រុមហ៊ុនKnight Frank Thailand បានអះអាងថា “វិស័យសណ្ឋាគារ បានវិលត្រលប់ទៅកាន់កម្រិតមុន ជំងឺរាតត្បាតវិញហើយ”។

លោកបានបន្ថែមថា អត្រា​តម្លៃបន្ទប់​សណ្ឋាគារ ក្នុង​មួយ​យប់​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ បើ​ទោះ​បី​ជា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេ ស​ មិន​ទាន់​បាន​កើន​ឡើង​ដល់​កម្រិត​ដូច​គ្នា​ ដែល​បាន​កត់ត្រា​ទុក​ក្នុងឆ្នាំ២០១៩យ៉ាងណាក្តី។

លោក Frank Khan ប្រធានផ្នែកលំនៅដ្ឋាននៅក្រុមហ៊ុនខាងលើ បានមានប្រសាសន៍ឱ្យដឹងថា ទីផ្សារលំនៅដ្ឋានក្នុងប្រទេសថៃ នៅឆ្នាំ២០២៤ នឹងនៅតែជួបប្រទះបញ្ហាប្រឈម ស្របពេលដែលអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងថ្លៃចំណាយលើការអភិវឌ្ឍន៍កើនឡើងខ្ពស់។ លោក​បញ្ជាក់បន្ថែមថា​ “ក្នុង​ចំណោម​ខុនដូចំនួន១០យូនីត​ ដែល​យើង​បាន​លក់ ក្នុងនោះមានខុនដូចំនួន៥ ទៅ៦យូនីត​ មិនបាន​ទទួលកម្ចី​ទិញ​ផ្ទះ ពីធនាគារ​នោះទេ”។

ទោះជាយ៉ាងនេះក្តី លោក Nattha Kahapana នាយកគ្រប់គ្រងក្រុមហ៊ុន Knight Frank Thailand បានលើកឡើងថា “នៅក្នុងវិស័យខុនដូមានផ្នែកចំនួន២ ដែលនឹងបន្តកើនឡើងនៅឆ្នាំនេះ ដូចជាផ្នែកខុនដូលំដាប់ប្រណីត ដែលមានអតិថិជនគោលដៅ ដ៏ច្រើនសម្បូរបែប”។ លោក​បាន​បន្ថែមថា​ “ផ្នែក​មួយ​ទៀត​នោះគឺ​ខុនដូ​ ដែលមានទីតាំង នៅ​ជិត​សាកលវិទ្យាល័យ​ ដែល​មានតម្រូវការ​ខ្ពស់ពី​សំណាក់មាតាបិតា​ ឬ​សិស្ស​ដែល​ស្វែងរក​បន្ទប់​ជួល ដើម្បីស្នាក់នៅក្នុងពេលសិក្សា”៕ប្រភព៖Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here