ប្រទេសចិនគ្រោងតេស្តសាកល្បងរថភ្លើងល្បឿនលឿន Maglev ដែលអាចរត់បានចម្ងាយ១.០០០គីឡូម៉ែត្រក្នុងមួយម៉ោង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រថភ្លើងល្បឿនលឿនប្រភេទ maglev  ដែលអាចរត់ក្នុងល្បឿន១.០០០គីឡូម៉ែត្រក្នុងមួយម៉ោង អាចនឹងចាប់ផ្តើមបើកដំណើរការ នៅក្នុងប្រទេសចិននាពេលឆាប់ៗនេះ។

ដើមឡើយ គម្រោងនេះត្រូវបានប្រកាសឡើង ដើម្បីប្រជែងនឹងរថភ្លើង Hyperloop ដែលកំពុងត្រូវបានផលិតឡើង ដោយក្រុមហ៊ុន Boring Company របស់លោក Elon Musk ដែលនឹងមានសមត្ថភាពធ្វើដំណើរ ក្នុងល្បឿនលើសពី៧០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ការពិសោធន៍គម្រោងថ្មីនេះ នឹងត្រូវសាកល្បងនៅទីក្រុង Harbin នៃខេត្តHeilongjiang ភាគឦសានប្រទេសចិន។  រថភ្លើង​ថ្មី​នេះ​មាន​ល្បឿន​លឿន​ជាង​រថភ្លើង Shanghai maglev ចំនួនពីរដង ដែលមាន​ល្បឿន​អតិបរមា ត្រឹមតែ៤៦០គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោងប៉ុណ្ណោះ។

រថភ្លើងនេះ គឺជាប្រព័ន្ធរថភ្លើង ដែលប្រើកំលាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឱ្យខ្សែរថភ្លើង អាចអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ឬនិយាយឱ្យងាយយល់ រថភ្លើងនេះហាក់ដូចជាហោះតាមគន្លងផ្លូវរថភ្លើង មិនមែនរត់នៅលើផ្លូវនោះទេ។

ដូច្នេះ នេះ​មាន​ន័យ​ថា រថភ្លើង​ប្រភេទ​maglev របស់ប្រទេសចិន មិន​ត្រឹម​តែ​មាន​ល្បឿន​លឿន ​ជាង​រថភ្លើង​ធម្មតា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ស្ងាត់ជាង​ផងដែរ ឬនិយាយឱ្យងាយយល់ គឺរថភ្លើងនេះមិនកកិតខ្លាំងជាមួយផ្លូវដែក ដែលអាចបង្កទៅជាសំឡេងរំខាននោះទេ។

ក្រុមហ៊ុន World Artery ដែលចូលរួមក្នុងការសម្រេចបេសក កម្មប្រកបដោយមហិច្ឆិតានេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Global Times ថា គម្រោងនេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការជំរុញដល់វិស័យទេសចរណ៍ផងដែរ។

លោក Zheng Bin ប្រធានក្រុមហ៊ុន World Artery បានលើកឡើងថា “ការតេស្តសាកល្បងនេះ នឹងក្លាយជារបកគំហើញមួយនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវដែក ហើយវា​ក៏​ជា​ការ​លោត​ផ្លោះ​ដ៏​អស្ចារ្យ​មួយ​ក្នុង​បច្ចេកវិទ្យា​ ដោយប្រែ​ក្លាយគំនិត​របស់មនុស្ស ឱ្យទៅ​ជា​ការ​ពិត”។

ត្រូវបានអភិវឌ្ឍឡើង ដោយបណ្ឌិតសភាវិទ្យាសាស្ត្រចិន (CASIC) រថភ្លើងMaglev ដែលមានគោលដៅរត់ឱ្យបានចម្ងាយ១០០០គីឡូម៉ែត្រក្នុងមួយម៉ោង  សម្រេចបាននូវរបកគំហើញដ៏អស្ចារ្យមួយនាពេលថ្មីៗនេះ ជាមួយនឹងការរត់សាកល្បងដំបូងដោយជោគជ័យ ក្នុងល្បឿន៦២៣គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាពិសេស ប្រទេសចិនបានដាក់ចេញគោលដៅ ក្នុង​រយៈពេល​វែង​ ក្នុងការ​សាងសង់​ប្រព័ន្ធ​រថភ្លើង​ថ្មីនេះ ឱ្យអាច​រត់បានក្នុងល្បឿនដល់១.០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ដូច្នេះ រថភ្លើងនឹងចំណាយពេលធ្វើដំណើរត្រឹមតែ១ម៉ោងប៉ុណ្ណោះ ពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងសៀងហៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here