ក្រុមអ្នកជំនាញៈទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលឆ្ពោះទៅរកនិន្នាការថ្មី

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ទោះបីជារបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារជាតិនៃកម្ពុជា (NBC) បានផ្តល់ការព្យាករណ៍អវិជ្ជមាន សម្រាប់វិស័យអច​ល​នទ្រព្យ និងសំណង់យ៉ាងណាក្តី ប៉ុន្តែអ្នកជំនាញបានធ្វើការវាយតម្លៃផ្សេងៗគ្នា អំពីស្ថានភាពសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅកម្ពុជា។

លោក Pawel Siudecki នាយកប្រតិបត្តិក្រុមហ៊ុន The Room Architecture & Design បានលើកឡើងថា បច្ចុប្បន្ននេះ ទីផ្សារស្ថិតក្នុងដំណាក់កាលវិវត្តន៍ ដែលសម្គាល់ដោយទិដ្ឋភាពជាមូលដ្ឋាន និងមានលក្ខណៈដដែលៗ ជាមួយនឹងការអភិវឌ្ឍ ដែលឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក។លោកបានបញ្ជាក់ថា “តាមទស្សនៈរបស់ស្ថាបត្យករ នេះគឺជាឱកាសដ៏ល្អមួយ ក្នុងការចាក់បញ្ចូលការអភិវឌ្ឍន៍ និងការច្នៃប្រឌិតផ្សេងៗទៅក្នុងវិស័យនេះ ជាពិសេសតាមរយៈការដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍ពហុមុខងារ ដែលសមស្របទៅតាមទីផ្សារ”។

ចំណែកលោក Tom O’Sullivan នាយកប្រតិបត្តិនៃគេហទំព័រ Realestate.com.kh បានអះអាងថា ម្ចាស់អចលនទ្រព្យបែបពាណិ​ជ្ជកម្ម ត្រូវតែមានភាពបត់បែនខ្លាំង ចំពោះអ្នកជួលដែលមានស្រាប់ ក៏ដូចជាការទាក់ទាញអ្នកជួលថ្មីផងដែរ។

ជាមួយគ្នានេះ លោកស្រី Jolyda Sou នាយកគ្រប់គ្រងក្រុមហ៊ុន Prestige Consulting បានបញ្ជាក់ថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅតែបន្តដាំក្បាលចុះ ខណៈដំណើរការនិងសកម្មភាពសាងសង់មានភាពយឺតយ៉ាវ និងការផ្គត់ផ្គង់លើសកម្រិត ដែលបានបង្កើតឡើង ក្នុងអំឡុងពេលមុនផ្ទុះវិបត្តិជំងឺរាតត្បាត។លោកស្រីបានបន្តថា “ក្រៅពីកម្ពុជា បណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត ក៏ជួបប្រទះនឹងបញ្ហាពិបាក ក្នុងការស្តារវិស័យនេះឱ្យងើបឡើងវិញផងដែរ ស្របពេលដែលលក្ខខណ្ឌហិរញ្ញវត្ថុ កាន់តែមានភាពតឹងរ៉ឹង”។ទោះជាយ៉ាងណាក្តី លោកស្រីលើកឡើងថា ចំពោះប្រទេសកម្ពុជា យើងកំពុងមើលឃើញនិន្នាការជាច្រើន ឆ្ពោះទៅរកអចលនទ្រព្យពាណិជ្ជកម្ម ដោយគិតពីនិរន្តរភាព និងប្រសិទ្ធភាពនៃការចំណាយ។លោកស្រីបន្ថែមថា លើសពីនេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តសម្រេចបាន ក្នុងរង្វង់ប្រហែល៥ភាគរយ ដែលបង្ហាញពីគន្លងឆ្ពោះទៅរកការស្ទុះងើបឡើងវិញ។

លើសពីនេះ លោក ឡោ វិចិត្រ  ប្រធាន​សមាគម​ Global Real Estate Phnom Penh បាន​ថ្លែងថា វិស័យ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា ​អាចផ្តល់ផលចំណេញខ្ពស់​ជាងគេ បំផុត​មួយ​លើ​ការវិនិយោគ​ បើប្រៀបធៀបនឹងបណ្តា ប្រទេសអាស៊ាន​ផ្សេងទៀត។លោកបន្តថា “មូលហេតុគឺដោយ​សារ ​តែប្រទេស​កម្ពុជា​បាន​ប្រើ​ប្រាក់​ដុល្លារ​អាមេរិក ​ជា​មធ្យោបាយ​​​សម្រាប់​កំណត់​តម្លៃ សម្រាប់​​ទូទាត់និងសម្រាប់​សន្សំ ខណៈប្រាក់ដុល្លារមានឥទ្ធិពលខ្លាំង បើធៀបនឹងរូបិយប័ណ្ណ របស់បណ្តាប្រទេសអាស៊ានផ្សេងទៀត”។

ម្យ៉ាងវិញទៀត លោក ឡោ វិចិត្រ បន្ថែមថា អចលនទ្រព្យកាន់តែមានតម្លៃសមរម្យសម្រាប់អ្នកទិញ ដោយសារតែស្ថានភាពទីផ្សារដែ​​លកំពុងរីកចម្រើនរបស់កម្ពុជា ហើយយើងមានសក្តានុពលដ៏ធំសម្រា​ប់ទស្សនវិស័យកំណើន ដោយសារតែការកើនឡើង នៃអត្រានគរូបនីយកម្មនៅក្នុងទីក្រុង។

លោក Tom O’Sullivan បានបន្ទរដា តំបន់ទីក្រុងមានទំនោរប្រមូលផ្តុំសកម្មភាពសេដ្ឋកិច្ច ដែលនាំទៅដល់ការបង្កើនផលិតភាព និងការច្នៃប្រឌិត។ រីឯនគរូបនីយកម្ម នឹងទាក់ទាញការវិនិយោគ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចទាំងមូល ហើយវា​ជា​គន្លឹះ​សំខាន់ សម្រាប់​ប្រទេស​កម្ពុជាជាទូទៅ ហើយ​ប្រាកដ​ណាស់​ វាក៏ជាគន្លឹះ សម្រាប់​ទាំង​វិស័យអចលនទ្រព្យ​លំនៅដ្ឋាន និង​ពាណិជ្ជកម្មផងដែរ”។លោកបានបន្តថា “នគរូបនីយកម្មបានជួយកម្ពុជា ក្នុងការបង្កើតបរិយាកាស ហេដ្ឋារចនាសម្ព័ន្ធសមស្រប ដែលរួមចំណែកដល់តម្លៃអចលនទ្រព្យ និងទាក់ទាញការវិនិយោគពីបរទេស កាន់តែច្រើន​។  ទោះបីជាស្ថិតក្នុងនិន្នាការទីផ្សារបច្ចុប្បន្ន វិស័យនេះកំពុងមានការរីកចម្រើន និងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈអតិថិជនពេញចិត្ត អចលនទ្រព្យពាណិជ្ជកម្ម ដែលមានបំពាក់ឧបករណ៍ល្អ និងមានមុខងារចម្រុះ ដើម្បីអាចផ្គត់ផ្គង់ដល់សកម្មភាពអាជីវកម្មទូទៅ”។

ចំណែក លោក ឡោ វិចិត្រ បានមានប្រសាសន៍ឱ្យដឹងទៀតថា “ការធ្លាក់ចុះនៃតម្រូវការ អចលនទ្រព្យលំនៅដ្ឋាន បានជះឥទ្ធិពលតិចតួចប៉ុណ្ណោះ ទៅលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ដោយសារតម្រូវការទីផ្សារផ្សេងៗគ្នា និងការបែងចែកផលិតផលជាផ្នែកៗ”។

លោកបន្ថែមថា “តម្រូវការសម្រាប់ការជួលការិយាល័យ និងកន្លែងលក់រាយមានស្ថេរភាព និងផ្តល់រយៈពេលកិច្ចសន្យាយូរជាងមុន បើប្រៀបធៀបទៅនឹងការជួលអចលនទ្រព្យ ដែលជាធម្មតាមាន   រយៈពេលពី៦ ខែទៅដល់១ឆ្នាំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here