តើលោក Prabowo Subianto ដែលនឹងឡើងមកកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ីមានជីវប្រវត្តិបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អតីតឧត្តមសេនីយ និងជាបេក្ខភាពប្រធានាធិបតីចំនួន៣អាណត្តិ លោក Prabowo Subianto បានប្រកាសជ័យជម្នះរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ីជុំទី១ និងបានហៅការឈ្នះនេះថា ជាជ័យជម្នះសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។

លោក Subiantoបានថ្លែងនៅឯ កីឡាដ្ឋានIstora Senayan ក្នុងទីក្រុងហ្សាការតា ថា “នេះជា​ជ័យ​ជម្នះ​សម្រាប់​ប្រជាជន​ឥណ្ឌូណេស៊ី​ទាំង​អស់”។ លោកបន្ថែមថា “ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា ទោះ​យើង​ឈ្នះ យើង​មិន​គួរ​ក្រអឺតក្រទម​ទេ យើង​ត្រូវ​តែ​បន្ទាប​ខ្លួន ហើយខ្ញុំនឹងឱបក្រសោបគ្រប់គណបក្សទាំងអស់”។យោងតាមលទ្ធផលក្រៅផ្លូវការ ពីការរាប់សន្លឹកឆ្នោតសរុបជាង៩០% គិតត្រឹមល្ងាចថ្ងៃពុធ ទី១៤ ខែកុម្ភៈ បានបង្ហាញថា លោក Subianto ទទួលបានសំឡេងគាំទ្រប្រហែល៥៨% ខណៈដែលគូប្រជែងរបស់លោក គឺលោកAnies Baswedan និងលោក Ganjar Pranowo ទទួលបានសំឡេងគាំទ្រ២៥% និង១៦% រៀងៗគ្នា។

ដោយសារតែលោកSubianto ទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ ដូច្នេះប្រទេសដែលមានប្រជាជនច្រើនជាងគេ នៅអាស៊ាននេះ មិនចាំបាច់មានការបោះឆ្នោតជុំទី២ទៀតនោះទេ។

លោក Subianto បានថ្លែងថា “ទោះជាកុលសម្ព័ន្ធណាក៏ដោយ ក្រុមជនជាតិអ្វីក៏ដោយ ពូជសាសន៍ សាសនា ប្រវត្តិសង្គម ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ នឹងក្លាយជាទទួលខុសត្រូវរបស់យើង និងទទួលបានការការពារដូចៗគ្នា”។

ទោះជាយ៉ាងនេះក្តី លោកនៅតែលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ឱ្យរង់ចាំ និងគោរពលទ្ធផលផ្លូវការ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេស ដែលនឹងចេញផ្សាយនៅពាក់កណ្តាលខែមីនា។

ទន្ទឹមនឹងនេះ ប្រធានាធិបតីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវស្បថ ចូលកាន់តំណែងជាប្រធានាធិបតីថ្មី របស់ឥណ្ឌូណេស៊ី នៅខែតុលា ឆ្នាំ២០២៤។

ខាងក្រោមនេះ ជាប្រវត្តិលំអិតរបស់លោក Prabowo Subianto ដែលនឹងក្លាយជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី។

លោក Prabowo Subianto ជាសហស្ថាបនិកគណបក្ស Gerindra Party កាលពីឆ្នាំ២០០៨ និងបានចូលកាន់តំណែងជាប្រធានគណបក្សមួយនេះ ចាប់ពីឆ្នាំ២០១៤ មកទល់នឹងពេលបច្ចុប្បន្ន។ លោក Prabowo ត្រូវបានជ្រើសតាំងជា បេក្ខជនប្រធានាធិបតីកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ និងបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីជាផ្លូវការ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

លោក Prabowo បានប្រសូត្រនៅក្នុងទីក្រុងហ្សាការតា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥១ ដោយលោកជាកូនទី៣ ក្នុងចំណោមកូន៤នាក់ ក្នុងត្រកូលគ្រួសារអ្នកមាន និងមានឥទ្ធិពលបំផុតមួយក្នុងប្រទេសឥណ្ឌូនេស៊ី។​

ឪពុករបស់លោកមានឈ្មោះថា Soemitro Djojohadikusumo ធ្លាប់ធ្វើជាអ្នកនយោបាយ និងសេដ្ឋវិទូដ៏ល្បីល្បាញម្នាក់ ដែលធ្លាប់បានកាន់តំណែងជាច្រើន ក្នុងជួរគណៈរដ្ឋមន្ត្រីឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោកSukarno និងលោក Soeharto​។

ចំណែកឯ ម្ដាយរបស់លោកវិញ មានឈ្មោះថា Dora Marie Siregar បានបញ្ចប់ការសិក្សាមុខជំនាញ គិលានុបដ្ឋាយិកាជំនួយការវះកាត់ ក្នុងប្រទេសហូឡង់។

លោក Prabowo ក៏ត្រូវជាចៅប្រុសរបស់លោក Margono Djojohadikusumo ដែលជាអតីតស្ថាបនិកធនាគារ Bank Negara Indonesia (BNI)។ លោក Prabowo បានចំណាយពេលភាគច្រើនក្នុងកុមារភាពរបស់លោកនៅឯបរទេស ដោយសារតែឪពុករបស់លោ​កមានជាប់ពាក់ព័ន្ធនឹងចលនាបដិវត្តន៍ Revolutionary Government of the Republic of Indonesia (PRRI) ដែលត្រូវបានបង្កើតឡើង​ក្នុងឆ្នាំ១៩៥៨ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Sukarno។

ដោយសារតែលោកបានចំណាយពេលវេលា ភាគច្រើនរស់នៅបរទេស ដូច្នេះ លោក Prabowo ក៏អាចនិយាយភាសាបារាំង អាល្លឺម៉ង់ អង់គ្លេស និងហូឡង់បានយ៉ាងស្ទាត់ជំនាញផងដែរ។

លោក Prabowo បានចូលបម្រើការក្នុងជួរកងកម្លាំងប្រដាប់អាវុធឥណ្ឌូនេស៊ី (ABRI) មួយរយៈពេលខ្លី បន្ទាន់ពីបញ្ចប់ការសិក្សាពីសាលាយោធា Armed Forces Academy (AKABRI) ក្នុងឆ្នាំ១៩៧៤។ លោកបានកាន់តំណែងជាមេបញ្ជាការ នៃទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌូនេស៊ី កាលពីឆ្នាំ១៩៩៨ និងជាមេបញ្ជាការកងកម្លាំងពិសេស ឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨។

លោកបានបម្រើការក្នុងជួរកងកម្លាំង ABRI អស់រយៈពេល២៨ឆ្នាំ ប៉ុន្តែក្រោយមក រូបលោកត្រូវបានបណ្ដេញចេញពីយោធា បន្ទាប់ពីរបបដឹកនាំរបស់លោក Soeharto បានដួលរលំ កាលពីឆ្នាំ១៩៩៨។

លោក Prabowo បានរៀបការជាមួយកូនស្រីម្នាក់របស់លោក Soeharto គឺលោកស្រី Siti Hediati Hariyadi ក្នុងឆ្នាំ១៩៨៣។ ប៉ុន្តែរៀបការបានមិនយូរប៉ុន្មាន អ្នកទាំង២បានចែកផ្លូវគ្នា បន្ទាប់ពីលោក Soeharto លាលែងចេញពីតំណែង។ អ្នកទាំង២ មានកូនប្រុសម្នាក់ឈ្មោះ Didit Hediprasetyo ដែលជាអ្នករចនាម៉ូតម្នាក់ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

លោក Prabowo បានធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសឥណ្ឌូនេស៊ីវិញ ក្នុងឆ្នាំ២០០១ បន្ទាប់ពីរស់នៅនិរទេសខ្លួន ក្នុងប្រទេ​សហ្ស៊កដានី។

ក្រោយពីបានវិលត្រឡប់ចូល មកកាន់មាតុប្រទេសវិញ លោក Prabowo បានសម្រេចបង្កើតក្រុមហ៊ុន Nusantara Energy និងបង្កើតក្រុមហ៊ុនសម្ព័ន្ធ Nusantara Group ដែលរកស៊ីខាងប្រេងដូង ធ្យូងថ្ម ឧស្ម័ន រ៉ែ កសិកម្ម និងនេសាទ។

លោក Prabowo ធ្លាប់បានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល២លើករួចមកហើយ មួយលើកគឺក្នុងឆ្នាំ២០១៤ និងមួយលើកទៀតក្នុងឆ្នាំ២០១៩ ប៉ុន្តែចាញ់ទាំង២លើក ហើយលោកបានក្លាយជា រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតីចាំផ្ទះ លោក Joko widodo កាលពីឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here