ក្រុមហ៊ុនធំមួយបោះទុនវិនិយោគលើការកសាងផែចំណតទូក និងសាងសង់ផ្លូវបេតុងនៅក្រុងកោះរ៉ុង

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អភិបាលខេត្តព្រះសីហនុ និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនU Property Management CO., LTD លោកយឹម លក្ខ​ណ៍បានអញ្ជើញ បើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ចូលរួមជាអធិបតីក្នុងពិធីនោះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការបើកការដ្ឋាន គឺជាផ្លែផ្កាដែលកម្ពុជារបស់យើង មានសុខសន្តិភាព បានផ្តល់ឱកាស ឱ្យអ្នកវិនិយោគមើលឃើញពីសមិទ្ធផល និងសម្រេចចិត្តធ្វើការបោះទុនវិនិយោគ នៅលើកោះរ៉ុងសន្លឹមរបស់យើង ហើយថ្ងៃនេះជាសក្ខីភាពមួយបង្ហាញច្បាស់ ពីការជឿជាក់របស់អ្នកវិនិយោគគិន បានសម្រេចចិត្តបើកការ​ដ្ឋាននៅពេលនេះ គឺដោយសារសុខសន្តិភាព នៃការអភិវឌ្ឍរបស់កម្ពុជា ពិសេសការវិនិយោគនៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកអភិបាលខេត្តបន្តថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ជាពិសេសក្រុងកោះរ៉ុង ឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ពិសេសប្រជាពលរដ្ឋក្រុងកោះរ៉ុងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

លោកបានបន្តថា រាជរដ្ឋាភិបាលបានផ្តល់ការវិនិយោគ ឱ្យទៅក្រុមហ៊ុនអេម៉ារីយូធ្វើការវិនិយោគ ហើយនៅអំឡុងចុងឆ្នាំ២០២១ ក្រុមហ៊ុនU Property Management CO., LTD បានសហការជាមួយក្រុមហ៊ុនអេម៉ារីយូ ចាប់ដៃគ្នាធ្វើការអភិវឌ្ឍបន្តដំណើរឆ្ពោះទៅមុខ ដើម្បីអភិវឌ្ឍនឹងដោះស្រាយបញ្ហា ដែលមាននៅសេសសល់នៅលើកោះរ៉ុង ការអភិវឌ្ឍនៅលើកោះរ៉ុង។

ការតាំងទីលំនៅ ការអភិវឌ្ឍ ការវិនិ យោគដាច់ដោយដុំវាជារឿងសុទ្ធតែមិនស្របច្បាប់ ក្រោមការសម្របសម្រួល របស់រាជរដ្ឋាភិបាលបានផ្តល់សិទ្ធកាន់កាប់ជូន បងប្អូនរស់នៅដោយស្របច្បាប់ ដែលជាបទពិសោធន៍ នៃការដោះស្រាយបញ្ហាប្រឈមនានា។ ពីមុននៅទីនេះគ្មានផ្លូវថ្នល់ គ្មានការអភិវឌ្ឍនោះទេ ពេលនេះក្រុមហ៊ុនបានធ្វើការឈូសឆាយពង្រីកផ្លូវបានធំទូលាយ។

លោកបញ្ជាក់ថា “ថ្ងៃនេះសូមអបអរសាទរក្រុមហ៊ុន សម្រេចបើកការដ្ឋានអភិវឌ្ឍ ជាក់ស្តែងនៅចំណតទូក និងសាងសង់ផ្លូវបេតុង ក្រុមហ៊ុនទាំងពីរចាប់ផ្តើម ក៏សាងសមិទ្ធផល ដែលមានបណ្តាញផ្លូវបណ្តោះអាសន្ន ប្រទាក់ក្រឡាគ្នារួចហើយ”។លោកបន្តថា “ការបើកការដ្ឋានសាងសង់ផែ សម្រាប់ការដឹកជញ្ជូនមានភាពងាយស្រួល ដើម្បីសម្រួលដល់ការអភិវឌ្ឍនៅពេលខាងមុខ”។

ស្ថានភាពចំពោះមុខក្រុមហ៊ុនកសាងផែ រួចបន្តកសាងផ្លូវបេតុងជាង៦០គីឡូម៉ែត្រ និងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ហើយហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនត្រូវរៀបនោះ មានកំពង់ផែអន្តរជាតិ និងគម្រោងតបណ្តាញអគ្គិសនីពីកោះរ៉ុង មកកាន់កោះរ៉ុងសន្លឹម បំរើឱ្យការអភិវឌ្ឍលើវិស័យទេសចរណ៍ ក៏ដូចជា ការជួយបង្កើនជីវភាពប្រជាពលរដ្ឋ ដែលរស់នៅលើកោះ កាន់តែមានជីវភាពល្អប្រសើឡើងនៅពេលខាងមុខ។

ទន្ទឹមនោះក៏ត្រូវគិតគូរ ពីបញ្ហាទឹកស្អាតសម្រាប់ពេលអនាគត បំរើដល់អ្នកទេសចរ និងប្រជាពលរដ្ឋរស់នៅទីនេះជាចំបងផងដែរ។

លោកគួច ចំរើនបានបញ្ជាក់ថា នៅលើកោះរ៉ុងសន្លឹម មិនទាន់មានមណ្ឌលសុខភាព និងសាលារៀន ហើយលោកយឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនU Property Management CO., LTD ក៏បានយល់ព្រមជួយសាងសង់មណ្ឌលសុខភាព និងអគារសិក្សាសម្រាប់ថ្នាក់សិក្សា ចំណេះទូទៅទាំងបីកម្រិតនៅទីនេះ រួមមាន៖ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងបន្ទប់ទឹក និងអាហារដ្ឋាន នៅក្នុងបរិវេណសាលារៀន និងកន្លែងស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ឱ្យមានសោភ័ណភាពក្នុងបរិវេណសាលាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here