ដោយ: គង់ លាងហួរ
ភ្នំពេញ: អ្នកជំនាញអន្តរជាតិមួយរូបលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលបច្ចុប្បន្ន កម្ពុជាកំពុងឈានចូលដល់យុគសម័យថ្មី ដែលសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស។
អ្នកជំនាញបញ្ជាក់ថា អនាគតរបស់ប្រទេសនេះ ហាក់មានពន្លឺត្រចះត្រចង់ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនលើសពី៦,១ភាគរយ នៅឆ្នាំ២០២៤នេះ។
ក្នុងនាមជាអ្នកជំនាញផ្នែកអចលនទ្រព្យ អ្នកអភិវឌ្ឍន៍អាជីវកម្ម និងជាទីប្រឹក្សាយុទ្ធសាស្ត្រ លោកបណ្ឌិត Alexander Evengroen បង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញ នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤នេះ។ម្យ៉ាងទៀត បើយោងតាមការព្យាករណ៍ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងជាលំដាប់ និងកើនលើសពីឆ្នាំមុនៗទៅទៀត។ លើសពីនេះ IMF ក៏ដាក់ប្រទេសកម្ពុជា ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចឈានមុខគេមួយនៅក្នុងតំបន់អាស៊ានផងដែរ។
យោងតាមលោកបណ្ឌិត Alexander Evengroen ដើម្បីទាញយកប្រយោជន៍ ពីទស្សនវិស័យវិជ្ជមាននេះ កម្ពុជាត្រូវតែផ្តោតលើការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស។ លោកបណ្ឌិតបន្តថា “ភាពជាដៃគូរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានាដូចជា អារ៉ាប់រួម ម៉ាឡេស៊ី ជប៉ុន ចិន អឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមានសារៈសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាវិជ្ជមាន និងការអភិវឌ្ឍន៍”។លោកបន្តឲ្យដឹងថា ដើម្បីទ្រទ្រង់កំណើននេះ វិស័យឯកជន និងរដ្ឋាភិបាលត្រូវតែធ្វើការរួមគ្នា ដើម្បីកំណត់ឱកាសវិនិយោគសំខាន់ៗ ហើយឧស្សាហកម្មអចលនទ្រព្យ ទេសចរណ៍ កសិកម្ម ការថែទាំសុខភាព ការផលិត និងការអប់រំ គួរតែត្រូវបានផ្តល់អាទិភាពដើម្បីធានាបាននូវភាពជោគជ័យរយៈពេលវែង។
លោកបញ្ជាក់ទៀតថា “ជាពិសេស ការអប់រំនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងអនាគតរបស់កម្ពុជា ហើយតាមរយៈការបណ្តាក់ទុន ក្នុងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ប្រទេសកម្ពុជានឹងអាចប្រែក្លាយជាមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត និងការរីកចម្រើននៅក្នុងតំបន់”។
លោកបណ្ឌិត Alexander Evengroen បានសង្កត់ធ្ងន់ថា តាមរយៈការធ្វើការរួមគ្នា យើងអាចនឹងបង្កើតអនាគត កាន់តែរីកចម្រើន និងប្រកបដោយបរិយាប័ន្ន សម្រាប់ប្រជាជនកម្ពុជាទាំងអស់។
លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ទីបំផុតកម្ពុជានឹងសម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈកិច្ចសហការ ការច្នៃប្រឌិត និងការរៀបចំផែនការយុទ្ធសាស្រ្ត៕