ដោយៈ និស្ស័យ
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃម្ពុជា និងលោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋានជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រានាព្រឹកថ្ងៃទី១៩ កុម្ភៈនេះ។
គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឹង២៧ម៉ែត្រ ៤គន្លងរថយន្ត ២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។
ស្ពានដ៏សំខាន់ដែលកើតឡើង ដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ បានដំណើរការការដ្ឋានមុន ពិធីសម្ពោធបើកការដ្ឋានជាផ្លូវការចាប់ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និងធានាសមិទ្ធផលរួចរាល់តាមការគ្រោងទុក ដែលមកដល់ពេលនេះ សម្រេចបានជាង២ភាគរយហើយ។
ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវសាងសង់ប្រវែងសរុប១.៦៥០ម៉ែត្រ (ប្រវែងស្ពាន៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ ទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។
ពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើង ដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ កាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕