លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងៈ លំហូរFDI គឺជាគន្លឹះដោះស្រាយបញ្ហាសំណង់អគារជាប់គាំងក្នុងខេត្តព្រះសីហនុ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: សំណង់អគារប្រមាណ១ពាន់កន្លែង ក្នុងខេត្តព្រះសីហនុ កំពុងស្ថិតក្នុងភាពជាប់គាំងនៅឡើយ ខណៈសំណង់អគារភាគច្រើន ពុំមានច្បាប់សាងសង់ត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរ ឬក្រសួងស្ថាប័នពាក់ព័ន្ធនោះទេ។

ទាក់ទិននឹងបញ្ហានេះ លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង ប្រធាន KW Cambodia បានស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងពាក់ព័ន្ធជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសំណង់អគារនីមួយៗឱ្យបានល្អិតល្អន់ និងបន្ទាប់មកគួរ ដាក់ដេញថ្លៃ ដើម្បីឱ្យអ្នកវិនិយោគិនផ្សេងៗ ដែលមានចំណាប់អារម្មណ៍ អាចធ្វើការយកមកវិនិយោគបន្ត។លោកឧកញ៉ា គឹម ហ៊ាង បន្តថា ចំពោះសំណង់អគារណា ដែលមានសភាពចាស់ទ្រុឌទ្រោម រដ្ឋបាលខេត្តគួរវាយកម្ទេចចោល ដើម្បីយកដីទៅអភិវឌ្ឍន៍ជាសំណង់ថ្មី។ ជាមួយគ្នានេះ លោកបណ្ឌិតស្នើឱ្យរដ្ឋបាលខេត្ត មិនគួរពន្យារពេលដោះស្រាយបញ្ហាអគារជាប់គាំងឡើយ ពីព្រោះអាចធ្វើប៉ះពាល់ដល់ការវិនិយោគនៅក្នុងខេត្ត។

លោកឧកញ៉ា គឹម ហ៊ាង បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំង នៅខេត្តព្រះសីហនុ គឺកម្ពុជាត្រូវការទុនវិនិយោគពីបរទេស ហើយទាំងរាជរដ្ឋាភិបាល និងឯកជន ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីទាក់ទាញទុនវិនិយោគមកពីគ្រប់ប្រទេស ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។លោកបន្តថា “ការទាក់ទាញវិនិយោគ ដោយមិនរំពឹងតែពីប្រទេ​សចិននោះទេ ប្រទេសសំខាន់មួយទៀត ដែលកម្ពុជាគួរសម្លឹងមក គឺវិនិយោគិន មកពីបណ្តាប្រទេសអារ៉ាប់ ដែលស្ថិតនៅប៉ែកមជ្ឈឹមប្រ​ទេស”។ លោកបន្តថដា “អារ៉ាប់ជាប្រទេសដែលចាយលុយខ្លាំងជាងគេ ក្នុងអំឡុងឆ្នាំ២០២៣ គឺប្រទេ​សក្នុងតំបន់អារ៉ាប់ ដែលជាប្រទេសមានលុយច្រើនមហាសាល”។

លោកបានបញ្ជាក់ថា បើសិនជាយើងអាចទាក់ទាញវិនិយោគិនចិនផង កូរ៉េផង ជប៉ុន អាស៊ាន តែកុំភ្លេចប្រទេសនៅតំបន់មជ្ឈឹមបូព៌ា គឺអារ៉ាប់ ហើយប្រសិនបើអារ៉ាប់ចាក់បញ្ចូលទុន តែ២០ពាន់លានដុល្លារនៅកម្ពុជា នោះសេដ្ឋកិច្ចរបស់យើង នឹងមានដំណើរការល្អឡើងវិញដូចឆ្នាំ២០១៩”។

ម្យ៉ាងទៀត កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” រួមទាំង​ដាក់​ចេញ​នូវ​វិធាន​ការ​មួយ​ចំនួន ដើម្បី​ដោះស្រា​យ​គម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុផងដែរ។ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​នេះ​ លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង  បាន​បង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង។លោក​ឧកញ៉ា​បណ្ឌិត បាន​លើក​ឡើង​​ថា ​ក្នុងនាម​លោក​ជា​អ្នក​រកស៊ី លោក​សូមគាំទ្រ​ទាំង​ស្រុង ចំពោះ​វិធានការ​ដែល​ដាក់ចេញ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា ក្នុង​ការ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ជំរុញ​ដល់ការ​អភិវឌ្ឍ​ ខេត្ត​ព្រះសីហនុ ​​ឱ្យ​​អាច​ដំណើរ​ការ​ឡើង​វិញ​ នូវ​អ្វី​ដែល​បាន​ជាប់គាំង​នារយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

លោក​ឧកញ៉ា បាន​បន្ថែម​ថា ផែនការ​ដែល​បាន​ដាក់​ចេញ​ដោយ​សម្តេច​ធិបតី គឺជាផែនការ​ពង្រឹង​អ្វី​ដែល​មាន​ក្នុង​ស្រុក។ ជាក់ស្តែង ផែនការ​នេះ​ល្អ​ហើយ​ ប៉ុន្តែ​បើ​​​ចង់​បាន​ល្អ​ជាង​នេះ​ទៀត ​គឺ​ត្រូវ​​ជំរុញ​ការងារ​ខាង​ក្រៅ​ប្រទេស​ទៀត ជាពិសេសទំនាក់ទំនងនយោបាយការទូត ការផ្សព្វផ្សាយ និងការរៀបចំកម្មវិធីពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសគោលដៅឱ្យបានញឹកញាប់ ដើម្បីជំរុញឱ្យជនបរទេសគេបានស្គាល់អំពីសក្តានុពលរបស់យើង។

លោកអះអាងថា “ការ​រកស៊ី​បច្ចុប្បន្ន​នេះ​ យើង​មិន​អាច​ចាំ​ឱ្យ​គេ​មក​នោះ​ទេ គួរ​តែ​យើង​ទៅ​គោះ​ទ្វារ​គេ​តែ​ម្តង។ ក្នុង​រយៈពេល​ជិត ៦​ខែ​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា អ្វី​ដែល​សម្តេច​ធិបតី​​បាន​ធ្វើ​គឺ ធ្វើ​ទាំង​ក្នុង​ធ្វើ​ទាំង​ក្រៅមានន័យ​ថា​ ទៅ​ស្រុក​ក្រៅ​ហៅ​គេ​មក​រកស៊ី​ ហើ​យ​ពង្រឹង​ការងារ​ក្នុង​ស្រុក ​គ្រាន់​តែ​ថា​យើង​​ត្រូវការ​ពេលវេលាតែប៉ុណ្ណោះ”។

លោកបណ្ឌិតបន្តថា “បើសិនជាយើងមានអគារ១០០០កន្លែងជាប់គាំង យើងគួរយកជ្រើសយក៣០០អគារ មកដោះស្រាយសិន ហើយក្នុងចំណោម៣០០អគារនោះ មាន៣០អគារត្រូវចាប់ផ្តើមដោ​យអ្នកវិនិយោគក្នុងស្រុក។ ដូច្នេះ នៅពេលដែលអ្នកវិនិយោគបរទេសបានមើលឃើញគម្រោងដំណើរការ នោះគេនឹងចូលមករកស៊ីនៅកម្ពុជាច្រើនឡើងវិញ ហើយបញ្ហាសំណង់អគារជាប់គាំង ដែលបន្សល់ទុកទាំងនេះ ក៏នឹងត្រូវបានបញ្ចប់ផងដែរ”។

លោកឧកញ៉ាបណ្ឌិត បានទទួលស្គាល់ថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ស្ថានភាពសេដ្ឋកិច្ចពិតជាលំបាកណា​ស់ អ្នកមានលុយជាច្រើនបានផុងខ្លួន ប៉ុន្តែបើយើងអាចរកបានអ្នកមានពិតប្រាក​ដក្នុងស្រុកចំនួន៣០នាក់ កាន់៣០អគារដើម្បីដោះស្រាយ នោះបរទេសគេនឹងចូលមកតាមក្រោយ។

លោកបន្ថែមថា “អ្នកវិនិយោគបរទេស នឹងចូលមកកម្ពុជាឡើងវិញកាន់តែច្រើន កាលណាអ្នកវិនិយោគ ក្នុងស្រុកហ៊ានបញ្ចេញលុយរកស៊ី តែបើអ្នកវិនិយោគក្នុងស្រុកសម្ងំ ទុកលុយតែក្នុងធនាគារ ដើម្បីយកអត្រាការប្រាក់ ដូច្នេះម៉ាស៊ីនសេដ្ឋកិច្ចរបស់យើង នឹងជាប់គាំងមិនខានឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here