ដោយៈ គង់ សូរិយា
កោះកុងៈ គំរោងអភិវឌ្ឍន៍ដ៏ធំមួយ ដែលគ្របដណ្តប់លើផ្ទៃដីរាប់ម៉ឺនហិកតា ស្ថិតក្នុងស្រុកតារាសាគរ បាននិងកំពុងអភិវឌ្ឍន៍ទីក្រុងចម្រុះ និងទំនើបមួយនៅខេត្តកោះកុង។
គម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ធំនេះ បាននិងកំពុងអភិវឌ្ឍន៍គំរោងជាច្រើនរួមមាន សណ្ឋាគារ ភោជនីយដ្ឋាន ទីលានវាយកូនហ្គោល កំពង់ផែទឹកជ្រៅ លំនៅដ្ឋានបែបលំហែរកាយ និងគំរោងព្រលានយន្តហោះតារាសាគរ ដែលព្រលានយន្តហោះនេះ គ្របដណ្តប់លើផ្ទៃដីទំហំជាង១០០០ហិកតា ផ្សារជាប់មាត់សមុទ្រជាដើម។
លោកLi Meng Chenអគ្គនាយកក្រុមហ៊ុនខូស្ទល ឌីវេឡុបម៉ិន ខូ អ៊ិលធីឌីបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកកាលពីចុងសប្តាហ៍មុនថា យើងបានមកកាន់កម្ពុជា នៅឆ្នាំ២០0៧ ហើយទទួលបានសិទ្ឋអភិវឌ្ឍន៍ឯករាជ្យ នៅក្នុងខេត្តកោះកុង។ នៅខែវិច្ឆិកា ឆ្នាំ២០០៨ យើងបានចុះហត្ថលេខាក្រោមអធិបតីពីលោកស្រីហ្សាង កៅលី រដ្ឋលេខានៃគណបក្សកុំម្មុយនីស្តចិន នៃក្រុងធានជីង សាធារណៈរដ្ឋប្រជាមានិតចិន ជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា ក្រុមហ៊ុនខូស្ទលឌីវេឡុបមិន ខូអ៊ិលធីឌី បានចុះហត្ថលេខាផ្ទេរដីជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ក្នុងខែកញ្ញា ឆ្នាំ២០១៥គំរោងផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន ត្រូវបានជម្រុញសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចូលគំរោងនេះ ក្នុងកិច្ចសហប្រតិបត្តិការសំខាន់ៗ នៃយុទ្ឋសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវរវាងកម្ពុជា និងចិនដែលបានដាក់ឈ្មោះគំរោងនេះថា “ជាតំបន់ពិសោធន៍ការអភិវឌ្ឍន៍ចម្រុះកម្ពុជា ចិន”។
មកដល់បច្ចុប្បន្នក្រុមហ៊ុន បានវិនិយោគទឹកប្រាក់មានរាប់លានដុល្លារ លើការកសាងផ្លូវថ្នល់ ការសាងសង់គំរោងផ្លូវអាកាស ការសសាងសង់កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ឋចម្រុះ និងគំរោងជាច្រើនទៀត។
លោកLi Meng Chinបានបន្តថា គំរោងសាងសង់ផ្លូវថ្នល់គ្រប់ប្រភេទ មានប្រវែងប្រមាណ៣០០គីឡូម៉ែត្រ ដែលនៅឆ្នាំ២០១៨ ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅកាន់តំបន់តារាសាគរ ដែលមានប្រវែង៦៨គីឡូម៉ែត្រ បានបើកដំណើរការជាផ្លូវការ ដោយតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលជួយសម្រួលការដឹកជញ្ជូនដ៏សំខាន់។ ដោយឡែកអាកាសយានដ្ឋានខ្នាត4F បានបញ្ចប់ការហោះហើរសាកល្បងកាលពីខែមេសា ឆ្នាំ២០២៣ផងដែរ។
លោកបន្តថា ចំណែកការដឹកជញ្ជូនតាមផ្លូវទឹក យើងមានកំពង់ផែដឹកជញ្ជូនសរុប៣ទីតាំង ដែលបានដាក់ដំណើរការកាលពីខែកញ្ញា ឆ្នាំ២០២៣ផងដែរ ដែលយើងអាចស្វាគមន៍ ការវិនិយោគពីគ្រប់វិស័យ ស្របពេលប្រព័ន្ឋទូរគមនាគមន៍ ទឹកស្អាត អ៊ីនធើណេតបានបញ្ចប់ និងដាក់ឲ្យដំណើរការផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុនបាននិងកំពុងអិវឌ្ឈន៍បឹង “សុបិនតារា”ដែលជាគំរោងអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលអភិវឌ្ឍន៍លើផ្ទៃដី៤៥០០ហិកតា ដោយអភិវឌ្ឍន៍ទៅជាគំរោងអភិវឌ្ឍន៍បែបវប្បធ៌ម ទេសចរណ៍អន្តរជាតិដ៏ធំ ដែលគ្រោងចំណាយពេល៥ឆ្នាំ និងគំរោងវិស្សមកាលទេសចរណ៍កោះស្តេច ដែលអភិវឌ្ឍន៍លើផ្ទៃដី១៨ម៉ឺនម៉ែត្រការ៉េ និងចំណាយពេលត្រឹម៥នាទីដល់កោះស្តេច។ ចំណែកការអភិវឌ្ឈគំរោងនាពេលអនាគត នឹងមានផ្សារសម្រាប់កំសាន្ត សណ្ឋាគារ និងបង្កើតឲ្យមានតំបន់ទេសចរណ៍មាត់សមុទ្រ ដែលបណ្តុះទៅដោយការញាំ ទិញទំនិញ និងការលេងកំសាន្តផងដែរ។
ក្រៅពីគំរោងអភិវឌ្ឍន៍រមណីយដ្ឋាន លំនៅដ្ឋាន ក្រុមហ៊ុនក៏មានគំរោងអភិវឌ្ឍន៍គៀងកាយ ដែលគ្របដណ្តប់លើផ្ទៃដី១គីឡូម៉ែត្រម៉ែត្រ ដែលអភិវឌ្ឍន៍ទៅជាតំបន់ភស្តុភារកម្មកែច្នៃ តំបន់អភិវឌ្ឍន៍សណ្ឋាគារ ពាណិជ្ជកម្មចម្រុះ និងបង្កើតជាតំបន់ពាណិជ្ជកម្មផងដែរ។
លោកLi Meng Chinបានបន្តថា “គំរោងអភិវឌ្ឍន៍ដ៏ធំនេះ មិនអាចសម្រេចបានជោគជ័យទេ តែយើងផ្តោតលើការលក់ ជួល អចលនទ្រព្យ និងកិច្ចសហការវិនិយោគពីក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ ដើម្បីសម្រេចនូវគោលដៅរួម”។ លោកបញ្ជាក់ថា “យើងនឹងបន្តស្វែងរកដៃគូវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍គំរោងនេះ ហើយយើងនឹងអភិវឌ្ឍន៍សេវាកម្មចាំបាច់ទាំងអស់ សមស្របនឹងតម្រូវការទីក្រុង១នាពេលអនាគត”៕