ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកនាយកប្រតិបត្តិក្រុមហ៊ុនLippo Group របស់ឥណ្ឌូនេស៊ី បានបង្ហាញចំណាប់អារម្មណ៍លើវិស័យ មួយចំនួននៅកម្ពុជារួមមាន វិស័យអចលនទ្រព្យ ផ្សារទំនើប វិស័យសុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។
ការបង្ហើបនេះ បានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលលោក Jonh Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក Jonh Riady បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ហើយក្នុងនោះលោកបានបង្ហាញចំណាប់អារម្មណ៍ ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ពិសេសការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ។
ក្រុមហ៊ុន Lippo Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ៦០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ចនិងការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម៕