ដោយ: គង់ លាងហួរ
អន្តរជាតិ: ទោះបីជាជួបបញ្ហាសេដ្ឋកិច្ច មួយចំនួនយ៉ាងណាក្តី ប្រទេសចិន នៅតែបន្តឈរលើកំពូលតារាង ក្នុងចំណោមប្រទេសដែលមានគម្រោងអគារខ្ពស់ៗបំផុត ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤នេះ។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះអគារខ្ពស់ៗបំផុតចំនួន៥ នៅក្នុងប្រទេសចិន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ រួចរាល់ជាស្ថាពរ នៅឆ្នាំនេះ។
ទី១: អគារ International Land-Sea Center
អគារខ្ពស់កប់ពពកមួយនេះ មានកម្ពស់១.៥០៣ហ្វីត និងមាន៩៨ជាន់។ អគារ International Land-Sea Center គឺជាអគារពហុមុខងារ ដែលរួមមានទាំង សណ្ឋាគារ ការិយាល័យ លំនៅដ្ឋាន កន្លែងលក់រាយ និងកន្លែងកម្សាន្ត។អគារនេះមានទីតាំងនៅទីក្រុង Chongqing ប្រទេសចិន និងគ្រប់គ្រងដោយក្រុមហ៊ុន China Vanke។ ការសាងសង់អគារនេះត្រូវបានចាប់ផ្តើមឡើង កាលពី៥ឆ្នាំមុន ប៉ុន្តែគម្រោងបានពន្យារពេលជាច្រើនដង ហើយនៅទីបំផុតការសាងសង់ គ្រោងឆ្អឹងអគារបានបញ្ចប់រួចរាល់នៅឆ្នាំ២០២២ ។
ទី២: អគារ Greenland Shandong International Financial Center
អគារនេះ រួមមាន សណ្ឋាគារ លំនៅដ្ឋាន និងអគារការិយាល័យ ដែលមានកម្ពស់១៤០៤ហ្វីត និងមាន៨៨ជាន់។ អគារខ្ពស់កប់ពពកនេះមានទីតាំងនៅទីក្រុង Jinan ប្រទេសចិន ដែលធ្វើឱ្យវាក្លាយជាអគារខ្ពស់ជាងគេបំផុត នៅក្នុងខេត្តShandong ដោយត្រូវបានអភិវ ឌ្ឍន៍ឡើងដោយក្រុមហ៊ុន Greenland Group។ទី៣: អគារ Ningbo Central Plaza Tower1
អគារនេះមានកំពស់១.៣៤២ហ្វីត និងមាន៨០ជាន់។ អគារពហុមុខងារ Ningbo Central Plaza Tower 1 រួមមានទាំងសណ្ឋាគារ លំនៅដ្ឋាន និងការិយាល័យ។អគារនេះ មានទីតាំងនៅទីក្រុងNingbo ប្រទេសចិន ដែលអភិវឌ្ឍឡើង ដោយក្រុមហ៊ុនGreentown China Holdings Limited និងក្រុមហ៊ុន Shanshan Group ខណៈការសាងសង់បានពន្យារពេលយ៉ាងយូរ ហើយទើបគ្រោងបញ្ចប់នៅឆ្នាំនេះ។
ទី៤: អគារ Greenland Group Suzhou Center
អគារ Greenland Group Suzhou ដែលមានកម្ពស់១.១៧៥ហ្វីត និងមាន៧៧ជាន់ ត្រូវបានចាប់ផ្តើមសាងសង់ឡើង កាលពីជិត១០ឆ្នាំមុន។ នៅពេលការងារសាងសង់បញ្ចប់រួចរាល់ អគារនេះនឹងជាប់ចំណាត់ថ្នាក់ ជាអគារខ្ពស់ជាងគេលំដាប់ទី៣៤ នៅក្នុងប្រទេសចិន។ទី៥: អគារ Junkang Center
ការសាងសង់អគារ Junkang Center បានចាប់ផ្តើមឡើងនៅឆ្នាំ២០១៩។ អគារនេះមានកំពស់១.១១២ហ្វីត មាន៧២ជាន់ និងមានទីតាំងនៅទីក្រុង Wenzhou ប្រទេសចិន។ នៅពេលសាងសង់រួចរាល់ អគារការិយាល័យនេះ នឹងក្លាយជាអគារខ្ពស់ជាងគេនៅក្រុង Wenzhou ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Shanghai Construction Group ៕