ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាអ្នកជំនួញដ៏ជោគជ័យមួយរូប ដែលមានក្រុមហ៊ុនជាច្រើន អ្នកឧកញ៉ាលី ហួរបានបញ្ជាក់ថា អ្វីសំខាន់នៅក្នុងការធ្វើជំនួញ លោកប្រកាន់យក ការបោះជំហ៊ានដូចការឡើងកាំជណ្តើរ។
អ្នកឧកញ៉ាបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា អ្វីសំខាន់យើងធ្វើការងារប្រកប ដោយក្រមសីលធ៌ម មិនប្រកាន់វណ្ណៈ ព្រោះមនុស្សយើងដូចគ្នា មិនថាថ្នាក់ណានោះទេ ដែលនេះជាអ្វី ដែលលោកតែងតែណែនាំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
អ្នកឧកញ៉ាបានបន្តថា “អ្វីដែលលោកឈានឡើង គឺធ្វើជាជំហ៊ានៗដូចកាំជណ្តើរ មានន័យថា ឈរនៅលើកាំមួយដោយរ៉ឹងមាំរួច ទើបឈានទៅឡើងកាំមួយទៀត”។ អ្នកឧកញ៉ាបន្ថែមថា “អ្វីកាន់តែពិសេស គឺខ្ញុំតែងតែគិតថា អ្វីដែលគេធ្វើបាន ខ្ញុំក៏ធ្វើបានដែរ”។
អ្នកឧកញ៉ាលី ហួរបានបន្តទៀតថា នៅក្នុងអាជីវកម្ម ធ្វើយ៉ាងណាឲ្យត្រឹមត្រូវ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជនរបស់យើង គ្រប់មិនគ្រប់ៗ យូរឬឆាប់គង់តែគេដឹងទេ បើជាក្រណាត់យកទៅកាត់គេដឹងថា ខ្វះ ឬលើស។
អ្នកឧកញ៉ាបន្តថា “បើស្លាប់ទៅវិញខ្លួនទទេ យើងទៅបំបាត់គេធ្វើអី? ខ្ញុំប្រាប់បុគ្គលិករបស់យើង មិនឲ្យយកលុយគេនោះទេ គឺមិនយកលុយក្រុមហ៊ុនទេ តែជាការយកលុយភ្ញៀវ ហេតុនេះបុគ្គលិកត្រូវតែមានទោស បើទោះយកលុយភ្ញៀវមួយរៀល ឬលើសពីនេះក៏ដោយ ត្រូវតែមានទោស ព្រោះយើងចាត់ទុកភ្ញៀវជាម្ចាស់”។
អ្នកឧកញ៉ាលី ហួរបានបន្តថា “ខ្ញុំមិនមែនអ្នកប្រាជ្ញឬកវីទេ តែខ្ញុំអាចដឹកនាំ បង្រៀនបុគ្គលិករាប់ពាន់នាក់។ ហេតុនេះយើងមិនត្រូវគិតថា យើងធ្វើមិនបានទេ ផ្ទុយទៅវិញបើយើងគិតថា យើងធ្វើបាន យើងនឹងខិតខំហើយ”។ អ្នកឧកញ៉ាបានបន្តថា “មហិច្ឆតាខ្ញុំបែបនេះ មិនស្កប់ស្កល់នូវអ្វីដែលគិតថា គ្រប់គ្រាន់នោះទេ តែសម្រាប់ខ្ញុំ គឺខ្ញុំផ្លាស់ប្តូរ បើមិនផ្លាស់ប្តូរ ខ្ញុំនៅតែលក់ខោអាវកូនក្មេង”៕