ដោយៈ គង់ សូរិយា
សៀមរាបៈ ក្នុងគោលដៅសម្រួលទិដ្ឋាការ និងលិខិតស្នាមនានា រដ្ឋាភិបាលថៃ គ្រោងបើកស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងខេត្តសៀមរាប នាពេលខាងមុខនេះ។
ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយលោក ឈើតកៀត អត្ថាកន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសមជាមួយលោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
-->
ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណ និងជម្រាបជូនលោកអភិបាលខេត្ត អំពីការគ្រោងបើកស្ថានអគ្គកុងស៊ុលថៃ ប្រចាំខេត្តសៀមរាប នៅពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជម្រុញគាំទ្រការអភិវឌ្ឍន៍ ខេត្តសៀមរាបឲ្យកាន់តែល្អប្រសើរថែមទៀត។
ជាការឆ្លើយតប លោកប្រាក់ សោភ័ណ អភិបាលខេត្ត បានថ្លែងអំណរគុណ និងស្វាគមន៍ គាំទ្រយ៉ាងកក់ក្តៅចំពោះការគ្រោងបើកស្ថានអគ្គកុងស៊ុលថៃ ប្រចាំខេត្តសៀមរាប នៅពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាជំរុញការគាំទ្រ ដល់ការអភិវឌ្ឍប្រទេសទាំងពីរ ជាពិសេសខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន៕
