ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុន China Metro Group បង្ហាញសុឆន្ទៈជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល(LRT) នៅកម្ពុជាលេចរូបរាងឡើង ក្នុងជំនួបពិភាក្សាការងារជាមួយ លោកប៉េង ពោធ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ព័ត៌មាននេះ ត្រូវបានលើកឡើងនាព្រឹកថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពេលលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតជូន លោក លី ខ័រ (Mr. Li Kuo) អគ្គនាយកក្រុមហ៊ុន China Metro Group នៃប្រទេសចិន ដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
-->
ជំនួបនាព្រឹកនេះ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូលអំពី វឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុន លើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល ចំនួនពីរខ្សែ គឺ៖ ទី១ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និងទី២ គម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុន China Metro Group ចំពោះការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលទាំងពីរខ្សែខាងលើ ដែលរំពឹងថា គម្រោងទាំងពីរនេះ នឹងរួមចំណែក ក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងផ្តល់នូវជម្រើសបន្ថែមក្នុងការធ្វើដំណើរ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរផងដែរ៕

