ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែត The Wall Street Journal បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងខ្ចីប្រាក់ ដើម្បីជួយផ្តល់មូលនិធិដល់គម្រោងប្រកបដោយមហិច្ឆតាជាច្រើន រួមទាំងគម្រោងទីក្រុងNeom ដែលមានតម្លៃ៥០០ពាន់លានដុល្លារអាមេរិកផងដែរ។
ដោយផ្អែកលើចក្ខុវិស័យឆ្នាំ២០៣០ របស់ព្រះរាជទាយាទ Mohammed bin Salman ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងខិតខំធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ឱ្យងាកឆ្ងាយពីការពឹងផ្អែក លើឥន្ធនៈហ្វូស៊ីល ដើម្បីប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលសកល សម្រាប់បច្ចេកវិទ្យា និងការច្នៃប្រឌិត។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្កើតមូលនិធិវិនិយោគសាធារណៈ ដើម្បីផ្តល់មូលនិធិសម្រាប់គម្រោ ងខ្នាតយក្សនានា ដែលត្រូវបានគេប៉ាន់ស្មានថា មានតម្លៃរាប់សិបពាន់លានដុល្លារ។ទោះជាយ៉ាងណាក្តី សាច់ប្រាក់របស់មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត ត្រូវបានប្រើប្រាស់អស់យ៉ាងច្រើន និងបានថយចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ។
យោងតាមរបាយការណ៍របស់កាសែត The Wall Street Journal បង្ហាញថា អារ៉ាប៊ីសាអូឌីតកំពុង ងាកទៅខ្ចីប្រាក់ជាលើកដំបូងមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដើម្បីបង្កើនមូលនិធិរបស់ខ្លួន ក៏ដូចជា ដាក់លក់ភាគហ៊ុនបន្ថែមទៀត នៅក្នុងក្រុមហ៊ុនប្រេងរដ្ឋ Aramco ផងដែរ។
លោក Tim Callen អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថាន Arab Gulf States Institute ក្នុងទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា អារ៉ាប៊ីសាអូឌីត ប្រហែលជាត្រូវរៃអង្គាសប្រាក់ ចំនួន២៧០ពាន់លានដុល្លារទៀត សម្រាប់ចាក់បញ្ចូលមូលនិធិ វិនិយោគសាធារណៈនៅឆ្នាំ២០៣០ ដែលការណ៍នោះ នឹងតម្រូវឱ្យមានការខ្ចីប្រាក់បន្ថែមទៀត។
ដើម្បីចូលរួមជាផ្នែកមួយ នៃចក្ខុវិស័យឆ្នាំ២០៣០ ប្រទេសអារ៉ាប៊ីសាអូឌីត បានវិភាជន៍ថវិកាចំនួន៦២ពាន់លានដុល្លារផងដែរ ដើម្បីអភិវឌ្ឍទីក្រុងបុរាណ Diryah ថវិកា២៣,៦ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍរមណីយដ្ឋានRed Sea ដ៏ប្រណីត និងថវិកា៥ពាន់លានដុល្លារ សម្រាប់ការប្រែក្លាយអណ្តូងប្រេង ឈូងសមុទ្រពែក្សទៅជារមណីយដ្ឋានទេសចរណ៍ បែបផ្សងព្រេងនិងគម្រោងធំៗផ្សេងទៀត។
លោក Karen Young អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន Middle East Institute បានថ្លែងប្រាប់កាសែត The Wall Street Journal ថា គម្រោងមួយចំនួនរបស់អារ៉ាប៊ីសាអូឌីត អាចនឹងត្រូវបានកាត់បន្ថយ ឬជាប់គាំង ស្របពេលដែលការចំណាយ នឹងបន្តកើនឡើ ង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គួបផ្សំនឹងបញ្ហាថវិការបស់មូលនិធិ៕