ផ្លូវជាតិលេខ៣១សម្រេចស្ថាបនាបានជិត៥០ភាគរយហើយ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចវឌ្ឍនភាពការងារសាងសង់បាន៤៧%ភាគរយ និងគ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC ក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ៥៣,៥៣គ.ម (ចាប់ពីថ្នល់បែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) មកដល់ពេលនេះ បានលេចចេញវឌ្ឍនភាពគួរអោយកត់សម្គាល់។

តាមការគ្រោងទុកការងារតួផ្លូវចាក់ AC នឹងរួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះហើយ ដោយការងារបន្ទាប់គឺការបំពាក់បរិក្ខារផ្លូវថ្នល់ និងបំពាក់សម្ភារបម្រើឱ្យការងារសុវត្តិភាពចរាចរណ៍។ គម្រោ​ងនេះ គឺជាកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងការធ្វើចរាចរណ៍របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅកាន់តំបន់មាត់សមុទ្រប៉ែកនិរតី សម្រួលការធ្វើដំណើរពលរដ្ឋ កាន់តែប្រសើរ និងការដឹកជញ្ជូនទំនិញទៅមក។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងចង្អុលបង្ហាញឱ្យលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ជាប្រចាំជាមួយក្រុមការងារបច្ចេ​កទេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ទីប្រឹក្សាបច្ចេ​កទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធ។

ការចុះពិនិត្យជាប្រចាំនេះ បានធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់ របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅ ស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here