ដោយ : សហការី
ភ្នំពេញ :ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ – ធនាគារ ហត្ថា ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ Krungsri ដែលជាធនាគារពាណិជ្ជធំជាងគេទីប្រាំនៅក្នុងប្រទេសថៃ និងជាសមាជិកនៃ MUFG Global Financial Group មានមោទនភាពក្នុងការប្រកាសថា ប័ណ្ណឥណពន្ធ Visa របស់ខ្លួនបានឈ្នះពានរង្វាន់ “តារារះថ្មីនៃការគ្រប់គ្រងហានិភ័យ ២០២៣“ ពី VISA Cambodia ដែលជាអ្នកផ្តល់សេវាទូទាត់ឌីជីថលឈានមុខគេក្នុងពិភពលោក។
ពានរង្វាន់នេះតំណាងឱ្យភាពល្អឥតខ្ចោះនៃការគ្រប់គ្រងហានិភ័យដ៏រឹងមាំ និងផ្តល់ជូននូវសេវាកម្មទូទាត់ឌីជីថលជាសកលដល់អតិថិជនបច្ចុប្បន្ន និងអនាគតរបស់យើងយ៉ាងងាយស្រួលជាមួយនឹងដំណោះស្រាយដែលមានសុវត្ថិភាពខ្ពស់ក្នុថការទូទាត់តាមអ៊ីនធឺណិត ឬក្នុងហាងនៅទីតាំងជាច្រើនទូទាំងពិភពលោកដែលមានបង្ហាញនិមិត្តសញ្ញាVisa។ ពានរង្វាន់នេះត្រូវបានប្រកាសនៅក្នុង “Client’s Forum 2024” របស់ VISA ដោយទទួលស្គាល់ និងអបអរសាទរជាមួយធនាគារដែលចូលរួមសម្រាប់ការរួមចំណែករបស់ពួកគេចំពោះការរីកចម្រើននៃប័ណ្ណទូទាត់VISA។ ធនាគារ ហត្ថា ម.ក ប្តេជ្ញារក្សាភាពខ្ជាប់ខ្ជួន ដើម្បីនាំមកនូវសេវាកម្មធនាគារយ៉ាងសម្បូរបែបនិងគួរឱ្យទុកចិត្តដល់អតិថិជនរបស់យើង និងជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា ម.ក បានមានប្រសាសន៍ថា “យើងពិតជាមានក្តីរំភើបដែលត្រូវបានទទួលស្គាល់ថាជា តារារះនៃការគ្រប់គ្រងហានិភ័យ ដោយ Visa Cambodia។ ពានរង្វាន់នេះពង្រឹង នឹងជំរុញការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវការគ្រប់គ្រងហានិភ័យប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយដែលផ្តោតលើតម្រូវការអតិថិជន ផ្តល់លទ្ធភាពដល់អតិថិជនរបស់យើងជាមួយនឹងដំណោះស្រាយដែលត្រូវការដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព”។







